ផ្ទះបីខ្នងនិងសម្ភារៈមួយចំនួនត្រូវបានជំនន់ទឹកភ្លៀងវ៉ៃប្រហារយ៉ាងខ្លាំងបណ្ដា​ល​ឲ្យរងការខូចខាតអស់ទាំងស្រុង ខណៈធ្លាក់ភ្លៀងមួយមេធំនៅក្នុងខេត្តរតនគិរី

ខេត្តរតនគីរី÷ ផ្ទះ៣ខ្នងបានរងការខូចខាតអស់ទាំងស្រុងខណ:ជំនន់ទឹកភ្លៀងបានហូរតាមអូរបុកមកចំផ្ទះប្រជាពលរដ្ឋដែលរស់នៅក្បែរអូរ ប៉ុន្តែមិនបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ គ្រាន់តែបាត់បង់ទ្រព្យសម្បត្តិ និងរងការខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន។ដោយឡែកនៅក្នុងរមណីយដ្ឋានទឹកធ្លាក់អូរកាចាញ ក៏បានបាក់កញ្ចុះសម្រាប់ឲ្យភ្ញៀវទេសចរមកអង្គុយលេង និងស្ពានឈើសម្រាប់ឲ្យភ្ញៀវដើរឆ្លងកាត់ទឹកផងដែរ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង៣ទាបភ្លឺ ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។ក្នុងករណីនេះក៏មានការចូលរួមពីលោក ពុធ ដានី អភិបាលរងក្រុងបានលុង លោក ទុន ពៅ ចៅសង្កាត់កាចាញ មន្ត្រីនគរបាលរដ្ឋបាលសង្កាត់កាចាញនិងអ្នកស្រីមេភូមិពីរផងដែរ។

បើតាមការបញ្ជាក់ពីឈ្មោះ ផាន់ ធារី អាយុ២៣ឆ្នាំ និងប្រពន្ធឈ្មោះ ហ៊ុន ពៀន ថា ប្អូនបានមកស្នាក់នៅលើផ្ទះរបស់បងឈ្មោះ ផាន់ ចាន់ធី តែពីរនាក់ប្ដីប្រពន្ធដែលមានផ្ទៃពោះផងនោះ នៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី១៣សីហានេះ មេឃក៏បានធ្លាក់ភ្លៀងយ៉ាងខ្លាំង ក៏មានទឹកជំនន់បានហូរកាត់តាមអូរបុកមកយ៉ាងខ្លាំង ធ្វើឲ្យប៉ះចំផ្ទះប៉ើងរាបដល់ដី។ រីឯម៉ូតូត្រូវបានចាប់យកមកវិញបាន ខណៈទឹកកំពុងហូរគួចយកទៅ ហើយសម្ភារៈប្រើប្រាស់និងឯកសារមួយចំនួននោះ ក៏បានទឹកហូរគួចយកទៅបាត់ទាំងអស់។

ផ្ទះដែលរងការខូចខាតនោះមានទំហំ ៤គុណ៥ម៉ែត្រ ជញ្ជាំងស័ង្កសី ប្រក់ស័ង្កសី។ ផ្ទះមួយខ្នងទៀតជារបស់បងប្អូន មានទំហំ៤គុណ៥ម៉ែត្រ ជញ្ជាំងស័ង្កសី ប្រក់ស័ង្កសី សម្ភារៈដែលបានបាត់បង់រួមមាន: សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សំបុត្រកំណើតនិងឯកសារមួយចំនួន រួមទាំងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះជាច្រើនទៀតផងដែរ។

លោក ទុន ពៅ ចៅសង្កាត់កាចាញ បានបញ្ជាក់ថា មានផ្ទះចំនួន៣ខ្នងបានរងការខូចខាតអស់ទាំងស្រុង ខណ:ភ្លៀងធ្លាក់មួយមេធំធ្វើឲ្យមានជំនន់ទឹកភ្លៀងហូរមកបុកយ៉ាងខ្លាំង រយៈពេលពីរទៅបីម៉ោងផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ព្រមទាំងនៅក្នុងរមណីយដ្ឋានទឹកធ្លាក់អូរកាចាញ ក៏បានរងការប៉ះពាល់ស្ពាននិងនិងកញ្ចុះសម្រាប់ឲ្យភ្ញៀវទេសចរមកអង្គុយលេង។

លោក ទុន ពៅ បានបញ្ជាក់ទៀតថា ទឹកនៅឆ្នាំនេះខុសប្លែកជាងឆ្នាំមុន ហើយភ្លៀងមកខ្លាំងចាប់ពីម៉ោង៣រហូតដល់ម៉ោង៥ជិតភ្លឺ មិនស្រាក់ស្រានហើយផ្ទះដែលពួកគាត់រងការខូចខាតនោះ ឥឡូវកំពុងពិភាក្សាជាមួយកាកបាទក្រហមកម្ពុជាខេត្តជួយមួយចំនួន ហើយនិងសង្កាត់អាជ្ញាធរក្រុងបានលុង ដើម្បីធ្វើយ៉ាងណាឲ្យលំនៅឋានពួកគាត់បានសមរម្យឡើងវិញ។

សម្ភារៈដែលអាជ្ញាធរក្រុងបានលុងបានចែកជូនឲ្យពួកគាត់រួមមាន អង្ករ, មីមួយកេស, ត្រីខមួយយួរ, អំបិលមួយកញ្ចប់, ប៊ីចេងមួយកញ្ចប់, ទឹកត្រីមួយដប, និងទឹកស៊ីអ៊ីវមួយដបផងដែរ៕

Written by 

Related posts

Leave a Comment