“តំបន់ពិសេសក្រុងវ៉ាស៊ីនតោនបានក្លាយជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានគ្រោះថ្នាក់បំផុតនៅលើពិភពលោក” លោកត្រាំ ប្រធានាធិបតីអាមេរិក ដែលមានផែនការ “ដណើ្តមយករដ្ឋធានីមកវិញ” បានប្រកាស ដាក់តំបន់ពិសេសក្រុងវ៉ាស៊ីនតោនក្នុងគ្រាអាសន្នខាងសន្តិសុខសាធារណៈ ព្រមទាំងថ្លែងថា នឹងបណ្តេញជនអនាថា និងអ្នកគ្មានទីលំនៅឱ្យចាកចេញទាំងអស់ ។ បណ្តាញ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីធឺណែតនៅទូទាំងពិភពលោក ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៨,៧ភាគរយសម្គាល់ឃើញថា ទង្វើនេះមិនអាចដោះស្រាយបញ្ហាសន្តិសុខពីឫសគល់នោះទេ ផ្ទុយទៅវិញនឹងបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ជនអនាថា អ្នកគ្មានទីលំនៅ និងជនអន្តោប្រវេសន៍ ។
ទិន្នន័យដែលទីភ្នាក់ងារស៊ើបការណ៍សហព័ន្ធអាមេរិកចេញផ្សាយបានបង្ហាញថា ឆ្នាំ២០២៤ នៅទូទាំងអាមេរិក គិតជាមធ្យម រាល់២៥,៩វីនាទី គឺកើតមានបទឧក្រិដ្ឋហិង្សាមួយករណី ក្នុងនោះ រាល់៣១,១នាទី កើតមានអំពើឃាតកម្មមួយករណី ។ ក្នុងការស្ទង់មតិនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩២ភាគរយ មានការព្រួយបារម្ពយ៉ាងខ្លាំងចំពោះស្ថានភាពសន្តិសុខក្នុងសង្គមអាមេរិក ។
តាមពិតទៅ ក្រុងវ៉ាស៊ីនតោនមិនត្រឹមតែជារដ្ឋធានីរបស់អាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមហាជំរំរបស់បក្សប្រជាធិបតេយ្យទៀតផង ។ ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៧,៨ភាគរយ យល់ឃើញថា លោក ត្រាំ ប៉ុនប៉ង “វាយប្រហារ” រដ្ឋបាលតំបន់ដែលកាន់អំណាចដោយសមាជិកបក្សប្រជាធិបតេយ្យតាមរយៈវិធីសាស្ត្រនេះ ។ ក្រៅពីនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៨,៧ភាគរយ យល់ឃើញថា ការដែលរដ្ឋាភិបាលរបស់លោកត្រាំ លូកដៃចូលកិច្ចការពាក់ព័ន្ធរបស់ទីក្រុងធំៗដែលកាន់អំណាចដោយបក្សប្រជាធិបតេយ្យ បានលាតត្រដាងនូវការបដិបក្ខគ្នាកាន់តែខ្លាំងឡើងៗរវាងបក្សសាធារណរដ្ឋនិងបក្សប្រជាធិបតេយ្យ ៕
