ស្អែក ត្រាំ និង ពូ ទីន នឹងជួបពិភាក្សាទល់មុខគ្នានៅឯមូលដ្ឋានយោធាអាឡាស្កា ជាទីតាំងប្រើប្រាស់ដើម្បីប្រឆាំងរុស្ស៊ី

កិច្ចប្រជុំកំពូលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រសប្តាហ៍នេះក្នុងរដ្ឋអាឡាស្កា ទោះបីជាទីតាំងពិតប្រាកដនៃជំនួបនេះនៅមិនទាន់ដឹងនៅឡើយក៏ដោយចុះ។  កិច្ចប្រជុំនេះវានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកពូទីនទៅកាន់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ២០១៥ ដែលពូ ទីនបានទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ ដោយសារតែសហរដ្ឋអាមេរិកមិនមែនជាសមាជិកនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលនៅឆ្នាំ ២០២៣ តុលាការនេះបានចេញដីកាចាប់ខ្លួនលោក ពូទីន លើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម តែអាជ្ញាធររដ្ឋនេះមិនមានកាតព្វកិច្ចចាប់ខ្លួនគាត់នោះទេ។

សូមជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន ជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅឯមូលដ្ឋានយោធាក្នុងរដ្ឋអាឡាស្កា ដែលជាទីតាំងដ៏មានសារៈសំខាន់ក្នុងការទប់ទល់នឹងសហភាពសូវៀត ក្នុងអំឡុងសង្គ្រាមត្រជាក់ ហើយតួនាទីនោះរក្សាដល់សព្វថ្ងៃ។

កិច្ចប្រជុំនេះគ្រោងនឹងធ្វើឡើងនៅថ្ងៃសុក្រនៅឯមូលដ្ឋានរួម Elmendorf-Richardson ក្នុងទីក្រុង Anchorage ។ នេះបើយោងតាមមន្ត្រីសេតវិមានដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីពិភាក្សាអំពីផែនការផ្ទៃក្នុង។

មូលដ្ឋានដែលត្រូវបានបង្កើតឡើងដោយការរួមបញ្ចូលគ្នារវាងមូលដ្ឋានទ័ពអាកាស Elmendorf និងកងទ័ព Fort Richardson ក្នុងឆ្នាំ ២០១០ បានដើរតួនាទីជាស្នូលយុទ្ធសាស្ត្រសំខាន់ក្នុងការត្រួតពិនិត្យ និងរារាំងសហភាពសូវៀតក្នុងអំឡុងពេលភាគច្រើននៃសង្រ្គាមត្រជាក់។

ពេញមួយប្រវត្តិសាស្រ្តដ៏យូរអង្វែងរបស់ខ្លួន មូលដ្ឋាននេះបានរៀបចំយន្តហោះជាច្រើន និងត្រួតពិនិត្យប្រតិបត្តិការនៃទីតាំងរ៉ាដាព្រមានជាមុនជាច្រើន ដែលមានបំណងស្វែងរកសកម្មភាពយោធាសូវៀត និងការបាញ់នុយក្លេអ៊ែរដែលអាចកើតមាន។ វាទទួលបានបាវចនាថា “គម្របកំពូលសម្រាប់អាមេរិកខាងជើង” នៅពេលនេះ នេះបើយោងតាមគេហទំព័រមូលដ្ឋាន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment