ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន ៦ ចូលរួម (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) ដែលមាននិវេសន្នដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ដោយមានសមាជិកសរុបចំនួន ៧ប្រទេស បានចេញដំណើរទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗ ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ដូចខាងក្រោម៖
១- ខេត្តបាត់ដំបង (យោធភូមិភាគទី៥)
២-ខេត្តបន្ទាយមានជ័យ៖ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកអូបីជាន់(ភូមិជោគជ័យ) និងច្រកបឹងត្រកួន
៣- ខេត្តព្រះវិហារ (ច្រកព្រំដែនអានសេះ)
គួររំលឹកថា បេសកកម្មនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានបញ្ចប់កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបង្កើតឱ្យមានក្រុម IOT។
ក្រសួងការពារជាតិ សូមអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ៕ AKP






