តាមការចុះផ្សាយរបស់កាសែត Washington Post (WP) រាយការណ៍ថា សហរដ្ឋអាមេរិក មិនបានអញ្ជើញមេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ឱ្យចូលរួមក្នុងកិច្ចប្រជុំរវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីអាមេរិក លោក ដូណាល់ ត្រាំ នៅរដ្ឋអាឡាស្កានោះទេ។

យោងតាមរបាយការណ៍ បានឲ្យដឹងថា មិនទាន់មានការបញ្ជាក់ ឬប្រកាសណាមួយដែលថាអញ្ជើញ លោក ហ្សេលេនស្គី ឱ្យចូលរួមក្នុងកិច្ចប្រជុំនេះទេ។
កាលពីថ្ងៃសុក្រ ប្រធានាធិបតីអាមេរិក បានប្រកាសពីលទ្ធភាពជួបជាមួយមេដឹកនាំរុស្ស៊ីនៅរដ្ឋអាឡាស្កា នាថ្ងៃទី ១៥ ខែសីហា នេះ។
ទោះជាយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ក៏បានរាយការណ៍ថា អាមេរិក កំពុងទាមទារដីសម្បទានពីអ៊ុយក្រែន ដើម្បីទុកជាផ្នែកមួយនៃការដោះស្រាយជម្លោះជាមួយរុស្ស៊ី។
តាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយ អះអាងថា សំណើនេះគឺអាមេរិក ចង់ឲ្យដកទ័ពអ៊ុយក្រែន ចេញពីផ្នែកនៃសាធារណរដ្ឋប្រជាមានិត Donetsk ដែលនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុងគៀវ ដើម្បីជាជំហានដំបូងឆ្ពោះទៅរកសន្តិភាព៕

ដោយ៖ ពេជ្រ