មេដឹកនាំនៃប្រទេសប្រេស៊ីល និងឥណ្ឌា បានអះអាងជាថ្មីនូវការគាំទ្រចំពោះពហុភាគីនិយម និងពាណិជ្ជកម្មដោយយុត្តិធម៌ក្នុងការឆ្លើយតបទៅនឹងពន្ធសហរដ្ឋអាមេរិក។

ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានសន្ទនាតាមទូរស័ព្ទរយៈពេល ១ ម៉ោង ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោក និងភាពតានតឹងពាណិជ្ជកម្មកើនឡើង។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលប្រេស៊ីល បានបន្ថែមថា មេដឹកនាំទាំង ២ អះអាងសារជាថ្មីអំពីសារៈសំខាន់នៃការការពារពហុភាគីនិយម និងតម្រូវការក្នុងការប្រឈមមុខនឹងបញ្ហាសកលបច្ចុប្បន្ន ខណៈពេលដែលការស្វែងយល់ពីសមាហរណកម្មកាន់តែស៊ីជម្រៅរវាងប្រជាជាតិទាំង ២ ។
កិច្ចពិភាក្សានេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ពន្ធ ៥០ ភាគរយ លើទំនិញប្រេស៊ីល កាលពីថ្ងៃទី ៣០ ខែកក្កដា ដោយលើកឡើងពីការកាត់ទោសអតីតប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ។
លោក Trump បានចោទប្រកាន់ប្រេស៊ីល អំពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ហើយហៅប្រទេស BRICS ថា ជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា ប្រទេសប្រេស៊ីល បានថ្កោលទោសទង្វើនេះថាជាការប៉ុនប៉ងខុសច្បាប់ដើម្បីជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ ចិនបានគាំទ្រប្រេស៊ីល ដោយលើកឡើងថា អាមេរិក កំពុងបង្កការគំរាមកំហែង៕

ដោយ៖ ពេជ្រ