ខណៈដែលកម្ពុជា និងថៃបានកោះប្រជុំនៅថ្ងៃនេះ ទី០៤ ខែសីហា សម្រាប់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា Stefan Messerer ទៅកាន់តំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប នៅថ្ងៃសុក្រ ទី០១ ខែសីហា រួមជាមួយនឹង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន និងសមាជិកសហគមន៍ការទូត ធ្វើជាការរំលឹកទាន់ពេលវេលាថា ចំណុចស្នូលនៃជម្លោះនីមួយៗគឺជាជីវិតពិត និងមនុស្សពិត។
បន្ទាប់ពីបទឈប់បាញ់នាពេលថ្មីៗនេះ ដំណើរទស្សនកិច្ចនេះបានបំភ្លឺអំពីស្ថានភាពនៃជនភៀសសឹកដែលត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេ។
ឯកឧត្តមបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់អាល្លឺម៉ង់ក្នុងការគាំទ្រសន្តិភាពតាមរយៈការសន្ទនា ដោយសង្កត់ធ្ងន់ថាអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុត ជាពិសេសបុគ្គល និងគ្រួសារដែលត្រូវបានផ្លាស់ទីលំនៅ មិនត្រូវបំភ្លេចចោលក្នុងដំណើរការការទូតឡើយ។ សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសិទ្ធិក្នុងការវិលត្រឡប់មកមាតុភូមិវិញដោយសន្តិភាព ត្រូវតែរក្សាជាស្នូលនៃកិច្ចខិតខំប្រឹងប្រែងទាំងអស់ឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង និងការផ្សះផ្សា។
ប្រទេសអាល្លឺម៉ង់ស្វាគមន៍ការកោះប្រជុំ GBC ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកសាងទំនុកចិត្ត និងស្ថិរភាពឡើងវិញ។ សន្តិភាពប្រកបដោយនិរន្តរភាពទាមទារលើសពីកិច្ចព្រមព្រៀងដែលបានចរចា វាទាមទារឱ្យស្តាប់អ្នកដែលមិននៅតុចរចា ប៉ុន្តែនៅជិតការរងគ្រោះបំផុត៕ AKP



