បទវិភាគ ៖ ដើរស្របតាមទិសដៅរួម ការដោះស្រាយការខ្វែងគំនិតខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិក វាមានសារសំខាន់ណាស់ចំពោះសេដ្ឋកិច្ចសកល

ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែកក្កដា តាមម៉ោងក្នុងតំបន់ ភាគីទាំងពីរ ចិននិងសហរដ្ឋអាមេរិកបានបើកធ្វើកិច្ចពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជុំថ្មីនៅទីក្រុង Stockholm ប្រទេសស៊ុយអែត ។ យោងតាមគំនិតឯកភាពរួមនៃកិច្ចពិភាក្សាលើកនេះ ភាគីទាំងពីរនឹងបន្តជំរុញការអនុវត្តពន្ធគយបដិការចំនួន ២៤ ភាគរយរបស់អាមេរិកដែលបានផ្អាក ព្រមទាំងពន្យារពេល៩០ ថ្ងៃនៃវិធានការតបតវិញរបស់ចិនតាមការកំណត់ ។ អ្នកវិភាគសម្គាល់ឃើញថា គំនិតឯកភាពរួមទាំងនេះបានផ្តល់ពេលវេលាកាន់តែច្រើនសម្រាប់ភាគីទាំងពីរក្នុងការធ្វើកិច្ចសន្ទនានិងពិគ្រោះពិភាក្សា វាសមស្របនឹងការប៉ាន់ប្រមាណរបស់សហគមន៍អន្តរជាតិដែលបាននាំមកនូវភាពប្រាកដប្រជាសម្រាប់សេដ្ឋកិច្ចពិភពលោក ។

កិច្ចពិភាក្សាលើកនេះគឺជាការពិគ្រោះពិភាក្សាទល់មុខគ្នាអំពីបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលចិននិងអាមេរិករៀបចំធ្វើម្តងទៀតទៀត បន្ទាប់ពីភាគីទាំងពីរបានឈានដល់គំនិតឯកភាពរួមនៅក្រុងហ្សឺណែវនិងក្របខ័ណ្ឌក្រុងឡុងដ៍ ។ ភាគីទាំងពីរបានអនុវត្តយ៉ាងស៊ីជម្រៅនូវគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរក្នុងកិច្ចជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី ៥ ខែមិថុនា ពង្រីកយ៉ាងពេញលេញនូវតួនាទីនៃយន្តការពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិក ហើយបានធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងស្មោះត្រង់ ស៊ីជម្រៅនិងប្រកបដោយលក្ខណៈស្ថាបនាជុំវិញបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មដ៏សំខាន់ដែលយកចិត្តទុកដាក់រៀងៗខ្លួន ។

អ៊ីចឹង តើចិននិងអាមេរិកត្រូវដើរស្របតាមទិសដៅរួមតាមរបៀបណាដើម្បីខិតខំទទួលបានលទ្ធផលឈ្នះ-ឈ្នះកាន់តែច្រើនដោយឥតឈប់ឈរ ?

បើនិយាយចំពោះពេលបច្ចុប្បន្ន ការពង្រីកយ៉ាងពេញលេញនូវតួនាទីនៃយន្តការពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិកវាមានសារសំខាន់ណាស់ ។ ការបង្កើតយន្តការនេះគឺជាសមិទ្ធផលសំខាន់នៃកិច្ចពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្រុងហ្សឺណែវដែលបានផ្តល់ជាការធានាខាងប្រព័ន្ធច្បាប់សម្រាប់ឱ្យចិននិងអាមេរិកផ្សះផ្សារការខ្វែងគំនិតគ្នានិងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ។ ឱ្យតែភាគីទាំងពីរធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបតិ្តការដោយប្រកាន់ខ្ជាប់គោលការណ៍គោរពគ្នាទៅវិញទៅមក រួមរស់ដោយសន្តិសហវិជ្ជមាននិងធ្វើកិច្ចសហការប្រតិបតិ្តការឈ្នះ-ឈ្នះ គឺអាចស្វែងរកបាននូវវិធីសាស្ត្រសម្រាប់ដោះស្រាយបញ្ហា ។

គួររំលឹកថា នៅក្នុងពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី ៣ ដែលបានប្រារព្ធធ្វើនាពេលថ្មីៗកន្លងទៅនេះ ចំនួនពាណិជ្ជករសហរដ្ឋអាមេរិកដែលចូលរួមពិព័រណ៍បានកើនឡើង ១៥ ភាគរយបើប្រៀបធៀបនឹងពិព័រណ៍លើកមុនដែលឈរនៅលំដាប់ថ្នាក់ទីមួយក្នុងចំណោមពាណិជ្ជករបរទេសដែលចូលរួមពិព័រណ៍ ។ លោក Jensen Huang ស្ថាបនិកនិងជាប្រធានប្រតិបត្តិនៃក្រុមហ៊ុនNVIDIAអាមេរិកបានថ្លែងថា ទីផ្សារចិនមានទ្រង់ទ្រាយដ៏ធំធេងហើយពោរពេញទៅដោយកម្លាំងរស់រវើក វាមានសារសំខាន់ខ្លាំងណាស់សម្រាប់ក្រុមហ៊ុនអាមេរិក ។ ប្រការទាំងនេះសុទ្ធតែបញ្ជាក់ថា ធាតុពិតនៃទំនាក់ទំនងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិក គឺការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ហើយកិច្ចសហប្រតិបត្តិការទើបជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់សម្រាប់ភាគីទាំងពីរ ។

សំដៅចំពោះកិច្ចពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក អាកប្បកិរិយារបស់ចិន គឺ ច្បាស់លាស់ណាស់ ពោលគឺ ភាគីចិនមានចិត្តស្មោះ ព្រមពេលជាមួយគ្នានេះ ក៏មានគោលការណ៍ផងដែរ ហើយនឹងគាំពារយ៉ាងមុតមាំនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ ក៏ដូចជាផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួន ។ សេដ្ឋកិច្ចចិនគឺជាមហាសាគរមួយដែលមានទីបង្អែកនិងមានជំនឿចិត្តក្នុងការទប់ទល់នឹងរលកធំៗ ។ នៅឆមាសទីមួយឆ្នាំ ២០២៥ សេដ្ឋកិច្ចចិនបានកើនឡើង ៥,៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ហើយមជ្ឈដ្ឋានមតិអន្តរជាតិបាននាំគ្នាវាយតម្លៃចំពោះស្ថានភាពសេដ្ឋកិច្ចរបស់ចិនដោយប្រើពាក្យពេចន៍ដូចជា”កំណើនលើសពីការរំពឹងទុក” “ទំហំនាំចេញនាំចូលបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្រ្ត” ។

មធ្យោបាយរមែងតែច្រើនជាងឧបសគ្គ ។ កិច្ចពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅក្រុង Stockholm គឺជាជំហានមួយទៀតសម្រាប់ឱ្យប្រទេសចិននិងសហរដ្ឋអាមេរិកឆ្ពោះទៅរកការដោះស្រាយការខ្វែងគំនិតខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ រំពឹងទុកថា ភាគីទាំងពីរនឹងចាត់ទុករឿងនេះជាឱកាសមួយ ដើម្បីបង្កើនគំនិតឯកភាពរួម កាត់បន្ថយការយល់ច្រឡំនិងពង្រឹងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ ក្នុងន័យជំរុញទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីឱ្យទទួលបានការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងភាពរឹងមាំ ក៏ដូចជាបំពេញបន្ថែមនូវកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកដែលបានបង្ហាញពីកាតព្វកិច្ចនិងទំនួលខុសត្រូវរបស់ប្រទេសធំផងដែរ ៕

Written by 

Related posts

Leave a Comment