រដ្ឋបាលខេត្តស្វាយរៀង​និងស្ថាប័នពាក់ព័ន្ធសហការរៀបចំពិធីបុណ្យសពជូនវីរៈជនដែលបានពលីការពារព្រំដែននៅសមរភូមិមុខកម្ពុជា-ថៃ                                         

ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋភិបាលកម្ពជា​នៅថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ប្រធានក្រុមប្រឹក្សាខេត្ត​ស្វាយរៀង​ និងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត បបានអញ្ជើញចូលរួមរៀបចំពិធីបុណ្យនិងគោរពវិញ្ញាណខន្ធសពលោកអនុសេនីយ៍ទោ តែម សុខជា ជាមន្ត្រីយោធា បម្រើការងារនៅកងឯកភាព​ កងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធខេត្តព្រះវិហារ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៤៣ឆ្នាំ។ ពិធីបុណ្យបានប្រារព្ធធ្វើនៅគេហដ្ឋានក្នុងភូមិទួលស្តី​ ឃុំទួលស្តី​ ស្រុកចន្ទ្រា​ ខេត្តស្វាយរៀង។

ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត​ ព្រមទាំងប្រតិភូថ្នាក់ដឹកនាំក្រសួងស្ថាប័នជាតិនានាជាច្រេីនរូបទៀត។

អង្គពិធីទាំងមូលពិតជាមានសេចក្តីសោកស្តាយយ៉ាងក្រៃលែង ក្រោយពេលទទួលដំណឹងដ៏ក្រៀមក្រំថា លោកអនុសេនីយ៍ទោ តែម សុខជា ដែលបានពលីជីវិតនៅលើសមរភូមិ ប្រយុទ្ធខេត្តព្រះវិហារ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៤៣ឆ្នាំ ។

មរណភាពរបស់ លោកអនុសេនីយ៍ទោ គឺជាការបាត់បង់នូវឧត្តមស្វាមី និងឪពុក ដែលប្រកប ដោយព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុត​ ក្នុងមួយជីវិតរបស់លោក បានបូជាកម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនៗ ព្រមទាំងក្រុមគ្រួសារប្រកបដោយគុណធម៌នៅក្នុងសង្គមជាតិ ជាពិសេសគឺបាត់ បង់នូវវីរៈយុទ្ធជនស្នេហាជាតិដ៏ឧត្តុងឧត្តម ដែលបានរួមចំណែក យ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូជាមួយខ្មាំងសៀម ដែលបានធ្វើការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជាយើង។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានចូលរួមប្រយុទ្ធយ៉ាង អង់អាចក្លាហាន និងស្វិតស្វាញប្រឆាំងជាមួយពួកចោរសៀមឈ្លានពាន​ និងបានបង្ហាញគំរូវីរភាព និងការលះបង់របស់វីរៈកងទ័ពយេីងទាំងអស់នៅលេីសមរភូមិប្រយុទ្ធ​ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវចងចាំនូវគុណូបការៈដ៏ថ្លៃថ្លានេះ។

ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ក្នុងនាមប្រជាជាតិខ្មែរ​ នឹងចងចាំនូវគំរូវីរភាព និងមនសិការស្នេហាជាតិដ៏ឧត្តុងឧត្តមរបស់ លោកអនុសេនីយ៍​ទោ​ និងសូមចូលរួមរំលែកទុក្ខដោយក្តីសោកសង្រេងជាទីបំផុតជាមួយ លោកស្រី អូម សុផានី ព្រមទាំង ក្រុមគ្រួសារ និងសូមបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ទោ​ តែម សុខជា បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Written by 

Related posts

Leave a Comment