លោកនាយករដ្ឋមន្ត្រី Mark Carney បាននិយាយថា ប្រទេសកាណាដា គ្រោងនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅក្នុងខែកញ្ញា ដោយក្លាយជាប្រទេសទី ៣ នៃប្លុក G7 ដែលធ្វើការប្រកាសបែបនេះក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីបារាំង និងអង់គ្លេស។

លោក Carney បានបន្ថែមថា វិធានការនេះគឺអាស្រ័យលើកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ រួមទាំងអាជ្ញាធរប៉ាឡេស្ទីនរៀបចំការបោះឆ្នោតនៅឆ្នាំក្រោយ ដោយគ្មានក្រុមហាម៉ាស់។
ការថ្លែងរបស់លោកធ្វើឡើងមួយថ្ងៃបន្ទាប់ពីចក្រភពអង់គ្លេស បានប្រកាសថាខ្លួននឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនក្នុងខែកញ្ញា លុះត្រាតែអ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ និងលក្ខខណ្ឌផ្សេងទៀត និងមួយសប្តាហ៍បន្ទាប់ពីប្រទេសបារាំងបង្ហាញផែនការស្រដៀងគ្នានេះ។

ទោះជាយ៉ាងណា ក្រសួងការបរទេសអ៊ីស្រាអែល ក៏បានច្រានចោលការប្រកាសរបស់កាណាដា ដោយហៅវាថាជាការផ្ដល់ឱកាសដល់ក្រុមភេរវករហាម៉ាស។
គួរបញ្ជាក់ថា ប្រទេសភាគច្រើន ១៤៧ នៃរដ្ឋសមាជិក ១៩៣ របស់អង្គការសហប្រជាជាតិ ទទួលស្គាល់ជាផ្លូវការនូវរដ្ឋប៉ាឡេស្ទីន ខណៈដែលលោក Netanyahu តែងតែថ្កោលទោស ចំពោះទង្វើនេះ៕

ដោយ៖ ពេជ្រ