សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារលើបណ្តាញសង្គមដោយមានខ្លឹមសារទាំងស្រុងថា៖ “ មានការចោទសួរហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជាមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ក្រោយពីមានបទឈប់បាញ់នោះ? តើរាជរដ្ឋាភិបាលមិនគិតគូរពីអាយុជីវិតរបស់ពួកគេឬទេ?
ខ្ញុំសូមបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅថ្ងៃទី ២៤ កក្កដា ២០២៥ ការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់កងកម្លាំងរបស់យើង ក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាដើម្បីឲ្យមានបទឈប់បាញ់ឱ្យបានឆាប់ជាទីបំផុត។
នៅក្នុងនោះ ការគ្រប់គ្រងព័ត៌មានកងទ័ពនៅលើសមរភូមិ គឺមានសារៈសំខាន់ណាស់សម្រាប់ការពារអាយុជីវិតនិងប្រៀបឈ្នះរបស់កងទ័ពរបស់យើង។
ចំពោះករណីចាប់ខ្លួនយុទ្ធជនយើង ដែលមកដល់ពេលនេះយើងនៅរង់ចាំភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញនោះ ជីវិតរបស់ពួកគាត់គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលតាំងពីពេលវេលាដែលពួកគេត្រូវចាប់ខ្លួន។
នៅក្នុងដំណាក់កាលដំបូង ដែលមិនទាន់មានព័ត៌មានច្បាស់លាស់អំពីជោគវាសនារបស់ពួកគេនោះ ការគ្រប់គ្រងព័ត៌មានសំខាន់ណាស់ ព្រោះការបញ្ចេញព័ត៌មានមួយចំនួនអាចនឹងនាំគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគាត់ ឬក៏អាចបង្កឲ្យមានភាពស្មុគស្មាញកាន់តែខ្លាំងនៅក្នុងការចរចាសម្រាប់ការដោះលែងពួកគាត់ត្រឡប់មកវិញ។
ហេតុដូច្នេះ រវាងជម្រើសក្នុងការផ្សពផ្សាយព័ត៌មានឲ្យសាធារណៈជនបានដឹង និងជម្រើសក្នុងការរក្សាព័ត៌មានដើម្បីធានាអាយុជីវិតរបស់ពួកគាត់នៅក្នុងដំណាក់កាលដំបូងដែលមានភាពមិនច្បាស់លាស់នោះ គឺរាជរដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីការគ្រប់គ្រងព័ត៌មានអោយបានល្អនិងបើកការចរចាទាមទារពួកគេមកវិញឲ្យបានឆាប់រហ័សនោះទេ។ មិនមែនរាជរដ្ឋាភិបាលលាក់ព័ត៌មានមិនចង់អោយប្រជាពលរដ្ឋដឹង ឬមិនគិតពីអាយុជីវិតរបស់កងកម្លាំងយើង ដូចមជ្ឈដ្ឋានមួយចំនួនបានចោទប្រកាន់នោះទេ។
ខ្ញុំសូមបញ្ជាក់ថា ថ្នាក់ដឹកនាំកងទ័ពរបស់យើងបានទាក់ទងទៅភាគីថៃដើម្បីស្នើសុំឲ្យមានការដោះលែងកម្លាំងរបស់យើងភ្លាមៗតាំងពីពេលកើតហេតុ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការយោធភូមិភាគទី៤របស់កម្ពុជាបានទាក់ទងជាប្រចាំ ជាមួយសមភាភាគីថៃ ដើម្បីស្នើឲ្យមានការដោះយោធិនយើងត្រឡប់មកវិញឲ្យបានឆាប់ជាទីបំផុត។ បន្ថែមលើនោះ អគ្គមេបញ្ជាការកងទ័ពកម្ពុជា ក៏បានស្នើសុំអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងនាមគាត់ជាអ្នកសម្របសម្រួលនិងតាមដាននៃបទឈប់បាញ់ ដើម្បីស្នើសុំទៅអគ្គបញ្ជាការកងទ័ពថៃជួយជំរុញការដោះលែងឲ្យបានឆាប់ផងដែរ។
ខ្ញុំសង្ឃឹមថាកងទ័ពថៃនិងធ្វើការបញ្ជូនយោធិនរបស់យើងទាំងអស់ ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ពថៃ ឲ្យពួកគេបានវិលត្រឡប់មកប្រទេសកម្ពុជាឆាប់រហ័សជាទីបំផុត៕
