លិខិតបទដ្ឋានស្ដីពីការធានារ៉ាប់រង ត្រូវបានផ្សព្វផ្សាយទូលាយនៅខេត្តកំពង់ចាម

និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “លិខិតបទដ្ឋានគតិយុត្តស្ដីពីការធានារ៉ាប់រង” នៅខេត្តកំពង់ចាមក្រោមវត្តមាន លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ ន.ធ.ក. និងលោក ហេង វណ្ណនីអភិបាលរងខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ចាម តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម លោក លោកស្រី តំណាងក្រុមហ៊ុនធានារ៉ាប់រង និស្សិត និងសិស្សានុសិស្ស ក្នុងខេត្តកំពង់ចាមផងដែរ។

សិក្ខាសាលាផ្សព្វផ្សាយខាងលើនេះរៀបចំទ្បើង ក្នុងគោលបំណងលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹងដល់ក្រុមហ៊ុនធានារ៉ាប់រង និងសាធារណជន អំពីក្របខណ្ឌច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្ដីពីការធានារ៉ាប់រង ព្រមទាំងយន្តការនៃការទទួលនិងដោះស្រាយបណ្ដឹងធានារ៉ាប់រង ឱ្យបានកាន់តែទូលំទូលាយ ក្នុងគោលដៅលើកកម្ពស់ទំនុកចិត្តរបស់សាធារណជនចំពោះវិស័យធានារ៉ាប់រង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់និយ័តករធានារ៉ាប់រងកម្ពុជា។

សិក្ខាកាមដែលបានចូលរួមក៏បានបង្ហាញផងដែរនូវការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់លើអត្ថប្រយោជន៍នៃការធានា-រ៉ាប់រង ព្រមទាំងបានផ្លាស់ប្ដូរមតិយោបល់ដោយផ្តោតលើអត្ថប្រយោជន៍នៃការធានារ៉ាប់រង ក៏ដូចជាខ្លឹមសារនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធក្នុងវិស័យធានារ៉ាប់រង ។

ទន្ទឹមនោះ សិក្ខាកាមក៏បានថ្លែងនូវការសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ន.ធ.ក. ជាពិសេស ការគិតគូរនិងយកចិត្តទុកដាក់ និងកិច្ចការពារចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់សេវាធានារ៉ាប់រង តាមរយៈការបង្កើតឱ្យមាននូវយន្តការនៃការទទួលនិងដោះស្រាយបណ្ដឹងធានារ៉ាប់រងដែលជាកត្តាសំខាន់ក្នុងការចូលរួមពង្រឹងទំនុកចិត្តរបស់សាធារណជនលើវិស័យធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជាទាំងមូល ដើម្បីជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងប្រកបដោយចីរភាព និងនិរន្តរភាព៕

Written by 

Related posts

Leave a Comment