នៅព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរទិវាមច្ឆជាតិ ១ កក្កដា ឆ្នាំ២០២៥ នៅបរិវេណអាងទឹកឈ្វាំង ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ពិធីនេះក៏ មានការអញ្ជើញចូលរួមពីអភិបាល អភិបាលរងខេត្ត មន្រ្តីរាជការខេត្ត ស្រុក មន្ដ្រីសង្ឃស្រុករលាប្អៀរ ឯកឧត្តម លោកជំទាវអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជនកាយរិទ្ធិ កាកបាទក្រហម ស.ស.យ.ក និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១ ខែកក្កដា ប្រារព្ធទិវាមច្ឆជាតិ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យគ្រប់តួអង្គពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋនិងប្រជានេសាទមូលដ្ឋាន ចូលរួមការពារនិងអភិរក្សធនធានជលផលធម្មជាតិ ឱ្យស្ថិតស្ថេរគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕










