ភ្នំពេញ ៖ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ចើញជាអធិបតីក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នារវាងអាជ្ញាធរមីន និងសាកលវិទ្យាល័យលេនកាហ្សៀរ (University of Lancashire) នៃចក្រភពអង់គ្លេស ដើម្បីពង្រឹងភាពជាគូរក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីដ្រូនគ្មានមនុស្សបើកគាំទ្រដល់ការសិក្សាស្រាវជ្រាវ និងកិច្ចប្រតិបត្តិការសកម្មភាពមីន។

ការចុះអនុស្សារណៈនេះ បានផ្តោតសំខាន់លើការគាំទ្រគោលដៅរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាផ្តោតសំខាន់ផងដែរលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីជួយពន្លឿន បង្កើនសមត្ថភាព កាត់បន្ថយហានិភ័យ និងគាំទ្រក្នុងអំឡុងកិច្ចប្រតិបត្តិការសកម្មភាពមីន។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត តាងនាមឱ្យរាជរដ្ឋាភិបាល បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់សាកលវិទ្យាល័យលេនកាហ្សៀរ សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍឧបករណ៍ប្រកបដោយនវានុវត្តន៍ ជាពិសេសការប្រើប្រាស់ដ្រូនគ្មានមនុស្សបើកក្នុងគោលបំណងគាំទ្រដល់ការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។

ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្តេជ្ញាចិត្តឥតងាករេចំពោះសកម្មភាពមីន សន្តិភាព និងសន្តិសុខរបស់មនុស្សជាតិ។ កម្ពុជា បាននឹងកំពុងបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាមិត្ត ដៃគូអភវិឌ្ឍន៍ និងប្រតិបត្តករដោះមីន ដើម្បីបន្តបោះជំហានយ៉ាងសំខាន់ឆ្ពោះទៅរកគោលដៅកម្ពុជាគ្មានមីន ដែលជាក់ស្តែងថ្ងៃនេះ អាជ្ញាធរមីន ជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានពង្រឹងភាពជាដៃគូថ្មី ក្នុងការស្រាវជ្រាវ និងប្រើប្រាស់បច្ចេកវិទ្យាដ្រូនគ្មានមនុស្សបើកជាមួយសាកលវិទ្យានៃចក្រភពអង្គគ្លេស គាំទ្រដល់វិស័យសកម្មភាពមីន ផងដែរ។ ភាពជាដៃគូនេះ មិនត្រឹមតែជួយកម្ពុជាក្នុងការស្វែងរកវិធីសាស្រ្តថ្មីសម្រាប់ការសិក្សាស្រាវជ្រាវ និងការបោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសមត្ថភាពជាតិ បង្កើនការបណ្តុះបណ្តាល និងការផ្លាស់ប្តូរចំណេះដឹង និងនាំមកនូវការចាប់អារម្មណ៍ជាសកលដល់ភាពជាអ្នកដឹកនាំរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីន។

ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងទៀតថា ទោះបីមានការរីកចម្រើនគួរឱ្យកត់សំគាល់នូវបច្ចេកវិទ្យាថ្មីៗសម្រាប់ប្រើប្រាស់គាំទ្រក្នុងវិស័យសកម្មភាពមីនក៏ដោយ កម្ពុជានៅតែស្ថិតជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្ពស់ដោយសារមីនលើពិភពលោក។ វត្តមានគ្រាប់មីនដែលនៅសេសសល់ តែងតែបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ និងរាំងស្ទះដល់ការអភិវឌ្ឍប្រទេស ជាពិសេសប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងការស្តារឡើងវិញរបស់សហគមន៍។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត លី ធុជ លើកទឹកចិត្តឱ្យសាកលវិទ្យាលេនកាហ្សៀនបន្តធ្វើការជាមួយកម្ពុជា មិនត្រឹមតែជាអ្នកស្រាវជ្រាវបង្កើតបច្ចេកវិទ្យាថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូដែលដើរទន្ទឹមគ្នាជាមួយកម្ពុជានៅលើផ្លូវទៅកាន់សន្តិភាព។
លោកសាស្រ្តាចារ្យ Darren Anzell បានលើកឡើងថា សាកលវិទ្យាលេនកាហ្សៀរ គឺជាសាកលវិទ្យាធំជាងគេមួយរបស់ចក្រភពអង់គ្លេស បង្កើតឡើងក្នុងឆ្នាំ១៨២៨ ដោយផ្តោតសំខាន់លើផ្នែកវិទ្យាសាស្រ្ត សិល្បៈ និងអក្សរសាស្រ្ត។ ចាប់ពីឆ្នាំ២០១៥ សាកលវិទ្យាល័យ បានធ្វើជាដៃគូជាមួយអាជ្ញាធរមីន កងយោធពលខេមរភូមិន្ទ និងអង្គភាពនានា គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
លោកសាស្រ្តាចារ្យ Darren Anzell មានមោទនភាពក្នុងការចូលរួមចំណែកបណ្តុះបណ្តាលដល់សិក្ខាកាមកម្ពុជាលើការប្រើប្រាស់ដ្រូនគ្មានមនុស្សបើកដែលជាបច្ចេកវិទ្យាថ្មីសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ក្រោមកិច្ចសហការជាមួយអាជ្ញាធរមីន ហើយលោកសង្ឃឹមថា ការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ នឹងគាំទ្រដល់គោលដៅកម្ពុជាគ្មានមីនឆ្នាំ២០៣០ ។



