រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបើកមហោស្រពបច្ចេកវិទ្យាមេគង្គ លើកទី៣ ឆ្នាំ២០២៥ (The 3rd Mekong Tech Festival 2025) ក្រោមប្រធានបទ “ការរចនាអនាគតសម្រាប់មនុស្សជំនាន់ក្រោយ” នៅ Factory Phnom Penh នឹងនាំអនាគតបច្ចេកវិទ្យាឌីជីថលនៃពិភពលោកមកបង្ហាញជូនសាធារណជនរយៈពេល២ថ្ងៃពេញ ចាប់ពីថ្ងៃទី១៩-២០ ខែកក្កដា ឆ្នាំ២០២៥។
មហោស្រពនេះ គឺជាកាតាលីករក្នុងការជំរុញបរិវត្តកម្មឌីជីថលនៅកម្ពុជា ឱ្យកាន់តែមានល្បឿនលឿនឆ្ពោះទៅមុខថែមទៀត តាមរយៈការចូលរួមរបស់យុវជនជំនាន់ក្រោយ សិស្ស-និស្សិត ដែលស្រឡាញ់ចូលចិត្តបច្ចេកវិទ្យានិងនវានុវត្តន៍ឌីជីថល។
ព្រឹត្តិការណ៍ឆ្នាំនេះ នឹងមានអ្នកចូលរួមច្រើនជាងឆ្នាំមុន ដោយសារការកើនឡើងនៃការគាំទ្រ និងចំណូលចិត្តរបស់យុវជននិងប្រជាពលរដ្ឋចំពោះការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ អ្វីដែលធ្វើឱ្យព្រឹត្តិការណ៍នេះ គឺការផ្តោតលើការរៀនដោយផ្ទាល់ ការអនុវត្តជាក់ស្ដែង និងឱកាសបង្កើតបណ្តាញទំនាក់ទំនង ហើយក៏ជាការប្រមូលផ្តុំសិស្ស និស្សិត សហគ្រិនវ័យក្មេង អ្នកជំនាញដែលមានបទពិសោធ និងវិនិយោគិន ដើម្បីចែករំលែកគំនិតច្នៃប្រឌិតថ្មី នវានុវត្តន៍ និងការចែករំលែកចំណេះជំនាញលើបច្ចេកវិទ្យាឌីជីថល ជាពិសេសបច្ចេកវិទ្យាឌីជីថលឈានមុខ រួមមាន បញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ ប្លុកឆេន និងរូបូត ជាដើម៕








