នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសស៊ីរី លោក Ahmed al-Sharaa បានព្រមព្រៀងគ្នាក្នុងបទឈប់បាញ់ដោយមានការសម្របសម្រួលពីទីក្រុងវ៉ាស៊ីនតោន។

យោងតាមបេសកជនពិសេសរបស់អាមេរិកប្រចាំស៊ីរី លោក Tom Barrack បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និងប្រធានាធិបតីស៊ីរីលោក Ahmed al-Sharaa ឈានដល់បទឈប់បាញ់ ដោយមានការគាំទ្រពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio រួមទាំងប្រទេសទួគី ហ្សកដានី និងប្រទេសជិតខាង ។
ឯកអគ្គរដ្ឋទូតអាមេរិក ក៏បានអំពាវនាវដល់ជនជាតិភាគតិច Druze, Bedouins និង Sunnis ឱ្យបញ្ឈប់ការប៉ះទង្គិច ហើយរួមគ្នាជាមួយជនជាតិភាគតិចផ្សេងទៀតកសាងអត្តសញ្ញាណស៊ីរីថ្មី និងរួបរួមក្នុងសន្តិភាព និងវិបុលភាពជាមួយប្រទេសជិតខាង ផងដែរ។

ស្ថានការណ៍តានតឹង នៅភាគខាងត្បូងប្រទេសស៊ីរី បានកើនឡើង កាលពីថ្ងៃទី១៣ ខែកក្កដា នៅពេលដែលការប៉ះទង្គិចគ្នាកើតឡើងនៅក្រុង Al-Suwayda រវាងកងជីវពលកុលសម្ព័ន្ធអារ៉ាប់ និងអង្គភាពការពារស្វ័យការពារ Druze។ នៅថ្ងៃទី ១៥ ខែកក្កដា កងទ័ពស៊ីរី បានលូកដៃចូលក្នុងការប៉ះទង្គិចនោះ ដែលនាំឲ្យសមរភូមិកាន់តែរីកធំ។ ស្របពេលស្ថានភាពក្នុងប្រទេសកំពុងតែឡើងកម្ដៅ កងកម្លាំងអ៊ីស្រាអែល បានបើកការវាយប្រហារលើរដ្ឋធានីដាម៉ាស ដូចគ្នា ៕

ដោយ៖ ពេជ្រ