សមត្ថកិច្ចជំនាញឃាត់ខ្លួនក្មេងទំនើងពីរនាក់បំផ្លាញទ្រព្យសម្បត្តិសាធារណៈ

ខេត្តរតនគិរី÷ លោកវរសេនីយ៍ត្រី ចៅ នាង ស្នងការរង ជាអ្នកនាំពាក្យនៃស្នងការនគរបាលខេត្តរតនគិរី បានឲ្យដឹងនៅរសៀលថ្ងៃទី១៥កក្កដា ថា ដោយមានការចង្អុលបង្ហាញនិងណែនាំបទបញ្ជាពីលោកឧត្តមសេនីយ៍​ទោ​ អ៊ុង សុភាព ស្នងការ​នគរបាលខេត្តរតនគិរី នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយកម្លាំងនគរបាលស្រុកបរកែវ ធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួនពីរនាក់ ពាក់ព័ន្ធករណីបំផ្លាញទ្រព្យសម្បត្តិសាធារណៈ(បង្គោលស្លាកចរាចរណ៍)បង្ហោះលើបណ្ដាញសង្គមTikTok មកកាន់អធិការនគរបាលស្រុកបរកែវ ដើម្បីធ្វើការសាកសួរតាមនីតិវិធីបន្ត។

លោក ចៅ នាង បានបញ្ជាក់ថា ក្មេងទំនើងទាំងពីរនាក់ដែលមានគណនីឈ្មោះ Tii po po បានបង្ហោះVideo ដែលបាននិយាយថា និងដកបង្គោលសញ្ញាចរាចរណ៍នៅត្រង់ចំណុចភូមិទូយ ឃុំទីចាក់ ស្រុកបរកែវ ខេត្តរតនគិរី។ ក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញអធិការនគរបាលស្រុកបរកែវ​ បានចុះស្រាវជ្រាវនិងកំណត់មុខសញ្ញាបានម្ចាស់គណនី TiKTokឈ្មោះ Tii popo មាន ឈ្មោះ ពិត ទីង ចិត្ត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចារ៉ាយ មានទីលំនៅបច្ចុប្បន្ន ភូមិលើហន់ ឃុំកិះចុង ស្រុកបរកែវខេត្តរតនគិរី។ លោកថា ឈ្មោះ ទីង តាន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិច្រាយ មានទីលំនៅបច្ចុប្បន្ន ភូមិលើហន់ ឃុំកិះចុង ស្រុកបរកែវ ខេត្តរតនគិរី។

បច្ចុប្បន្ន បុគ្គលទាំង២នាក់ខាងលើនេះ បានធ្វើវិដេអូត្រាប់នៅកន្លែងបង្គោលចរាចរណ៍និងបានធ្វើការបកស្រាយ សុំទោសជាសាធារណៈ ធ្វើកិច្ចសន្យា ទទួលស្គាល់កំហុស ហើយបានហៅអាណាព្យាបាលមកទទួលយកទៅវិញ៕

Written by 

Related posts

Leave a Comment