ខេត្តស្វាយរៀង៖ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារសាលាដំបូងអយ្យការអមសាលាដំបូងខេត្តស្វាយរៀងព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ ខាងអាជ្ញាធរដែនដីអញ្ជើញចូលរួមរួមមានឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ក្នុងនាមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ឯកឧត្តមអភិបាលខេត្តបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ធំធេង ប្រកបដោយស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ក្នុងការបំពេញតួនាទី ភារកិច្ចក្នុងវិស័យតុលាការ និងស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង នាពេលកន្លងមក ប្រកបដោយគតិយុត្តិធម៌ ស្របតាមអង្គច្បាប់ និងនីតិវិធីដែលបានកំណត់ និងជាពិសេសការរួមចំណែកក្នុងការកសាងសមិទ្ធផលដ៏លេចធ្លោនូវអគារធ្វើការថ្មី ដែលត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ ដើម្បីជាប្រយោជន៍ដល់ការផ្តល់សេវាឲ្យកាន់តែប្រសើរឡើង និងដំណើរការរបស់តុលាការកាន់តែមានប្រសិទ្ធភាព ដែលជាការចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្រ្តកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ឲ្យកាន់តែប្រសើរ និងជោគជ័យ ។

ឯកឧត្តមបន្តថា ការប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តនាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងឲ្យឃើញពីភាពប្រសើរឡើងបន្ថែមទៀត នៃភាពរឹងមាំ និងឧត្ដមភាពនៅក្នុងវិស័យតុលាការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងដែលបានកើតឡើងដោយសារមានការគាំទ្រ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងយុត្តិធម៌ជាសេនាធិការ ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងនូវការកោតសសើ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ជាចៅក្រម ជាព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីរដ្ឋបាលទាំងអស់នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ក៏ដូចជាសាលាជំរះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសដែលបានយកចិត្តទុកដាក់សម្រេចបានលទ្ធល្អជាបន្តបន្ទាប់គួឱ្យកត់សម្គាល់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំ និងផ្តាំផ្ញើដល់ឯកឧត្តមប្រធានសាលាដំបូងខេត្ត ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីក្នុងវិស័យយុត្តិធម៌ទាំងអស់នូវចំណុចមួយចំនួនដូចជា៖
១-ត្រូវពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងការដឹកនាំអង្គភាព និងស្ថាប័នរបស់ខ្លួនឱ្យបានល្អប្រសើរ, មានសាមគ្គីភាពផ្ទៃក្នុងល្អ និងកិច្ចសហប្រតិបត្តិការល្អជាមួយមន្ត្រីអនុវត្តច្បាប់ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធគឺ “ត្រូវមានចក្ខុវិស័យច្បាស់លាស់ មានការប្តេជ្ញាចិត្តខ្ពស់ មានការចូលរួមដោយស្មោះត្រង់ និងការលះបង់” ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន។
២-ត្រូវបន្តចូលរួមឱ្យបានសកម្ម និងផ្តល់កិច្ចសហការឱ្យបានពេញលេញបន្ថែមទៀត ប្រកបដោយឆន្ទៈមោះមុត, ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តយុទ្ធនាការទាំង ២ ស្របតាមអភិក្រមដែលបានដាក់ចេញនាពេលកន្លងមក សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។

៣-ត្រូវពង្រឹងប្រសិទ្ធភាពចំណាត់ការសំណុំរឿង ឱ្យបានម៉ឺងម៉ាត់ តឹងរ៉ឹង ត្រឹមត្រូវ និងតម្លាភាព ជាអាទិ៍ បទល្មើសគ្រឿងញៀន, ជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ,បទល្មើសតាមបប្រព័ន្ធអនឡាញ,បទល្មើសឆក់ប្លន់,ក្មេងទំនើង ដើម្បីរួមចំណែកអនុវត្ត “គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ។
៤-ត្រូវពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការអនុវត្តការងាររបស់ខ្លួន ជាពិសេស ក្នុងការចាត់ការសំណុំរឿងឱ្យបានម៉ឺងម៉ាត់ តឹងរ៉ឹង ត្រឹមត្រូវ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ដោយគោរពវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការទាំងអស់ នៅក្នុងវិស័យយុត្តិធម៌៕គឹមសេង






