និយ័តករធានារ៉ាប់រងកម្ពុជា ធ្វើបច្ចុប្បន្នកម្មផែនការយុទ្ធសាស្ត្រ ដើម្បី​ជំរុញ​កំណើន​ទីផ្សារ​វិស័យ​ធានា​រ៉ាប់រង

ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា បានបើកសិក្ខាសាលាស្ដីពីការធ្វើបច្ចុប្បន្នកម្មផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០”។ សិក្ខាសាលាត្រូវបានរៀបចំធ្វើទ្បើងនៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ក្នុងគោលដៅត្រួតពិនិត្យ វាយតម្លៃ និងធ្វើបច្ចុប្បន្នកម្មផែនការយុទ្ធសាស្ត្រ ដើម្បីជំរុញកំណើនទីផ្សារ និងការអភិវឌ្ឍនៃវិស័យធានារ៉ាប់រង ព្រមទាំងបង្កើតភាពធន់ទៅនឹងវិបត្តិនានា។

អគ្គនាយក នៃអគ្គនាយកដ្ឋានធានារ៉ាប់រងកម្ពុជា លោកប៊ូ ច័ន្ទភីរូ  បានថ្លែងឱ្យដឹងថា កន្លងមកនេះ និយ័តករធានារ៉ាប់រងកម្ពុជា បានខិតខំប្រឹងប្រែងអនុវត្ត “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០” ដែលជាផែនទីចង្អុលផ្លូវរយៈពេលវែង សម្រាប់អភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជា និងបានទទួលលទ្ធផលគួឱ្យមោទនៈទាំងក្នុងក្របខណ្ឌស្ថាប័ន ក្របខណ្ឌនីយ័តកម្ម ក្របខណ្ឌទីផ្សារ ក្របខណ្ឌសហប្រតិបត្តិការនិងការតភ្ជាប់ និងក្របខណ្ឌស្ថាប័ន។

លោកអគ្គនាយក បានឱ្យដឹងថា ទំហំទីផ្សារធានារ៉ាប់រងកម្ពុជា បានកើនឡើងពីប្រមាណ ២៩៩លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ ដល់ ប្រមាណ ៣៥៧លានដុល្លារអាម៉េរិក នៃបុព្វលាភធានារ៉ាប់រងដុល ក្នុងឆ្នាំ២០២៤ ជាមួយនឹងទ្រព្យសកម្មសរុបប្រមាណជាង ១ប៊ីលានដុល្លារអាម៉េរិក និងមូលនិធិភាគហ៊ុនិកសរុបប្រមាណជាង ៤៤៩លានដុល្លារអាម៉េរិក។

លោក បន្ថែមថា ក្នុងឆ្នាំ២០២៤ បន្ទុកហិរញ្ញវត្ថុប្រមាណជាង ៨០ប៊ីលានដុល្លារអាម៉េរិក ត្រូវបានការពារដោយកិច្ចសន្យាធានារ៉ាប់រង ដែលក្នុងនោះ សំណងធានារ៉ាប់រងប្រមាណជាង ១០៤ លានដុល្លារអាម៉េរិក ត្រូវបានផ្ដល់ជូនអ្នកត្រូវបានធានា និងអ្នកទទួលផល។ លោកថា ទីផ្សារធានារ៉ាប់រងកម្ពុជា បានរួមចំណែកក្នុងសេដ្ឋកិច្ចក្នុងអត្រាប្រមាណ ១,១៣% និងដង់ស៊ីតេធានារ៉ាប់រង ២០,៦៥ ដុល្លារអាម៉េរិក ក្នុងមនុស្សម្នាក់។

ទោះយ៉ាងណាក៏ដោយ លោកប៊ូ ច័ន្ទភីរូ បានលើកឡើងថា មកដល់ពេលនេះ “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០” គួរត្រូវបានត្រួតពិនិត្យ និងវាយតម្លៃ និងធ្វើបច្ចុប្បន្នកម្ម ដើម្បីជំរុញកំណើនទីផ្សារធានារ៉ាប់រង និងសន្ទុះអភិវឌ្ឍន៍នៃវិស័យធានារ៉ាប់រងកម្ពុជា និងបង្កើតភាពធន់ទៅនឹងវិបត្តិនានា។   

ប៉ុន្តែលោក ជឿជាក់ថា សិក្ខាសាលាថ្ងៃនេះ នឹងផ្តល់នូវវេទិការមួយសម្រាប់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានធានារ៉ាប់រង ដៃគូអភិវឌ្ឍន៍ អ្នកសិក្សា និងអ្នកសារព័ត៌មានទាំងអស់ ចូលរួមពិនិត្យ ពិភាក្សា និងផ្ដល់ធាតុចូលសម្រាប់ការធ្វើបច្ចុប្បន្នកម្មផែនការយុទ្ធសាស្ត្រនេះ ឱ្យមានភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តទៅបានប្រកបដោយភាពជោគជ័យ៕

Written by 

Related posts

Leave a Comment