«ប្រទេសមួយ របបពីរ»នៃតំបន់ហុងកុង ផ្តល់នូវគំនិតថ្មីនិងបទពិសោធន៍ជាក់ស្តែងដល់សហគមន៍អន្តរជាតិ

«ប្រទេសមួយ របបពីរ» ជាគោលនយោបាយជាតិមូលដ្ឋានរបស់ប្រទេសចិន និងជាគោលការណ៍ច្បាប់ដែលធានានូវភាពរុងរឿង និងស្ថិរភាពរយៈពេលវែងសម្រាប់ហុងកុងក្រោយពេលដែលដែនដីនេះបានវិលត្រឡប់មកកាន់ប្រទេសចិនវិញចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧  ។ គោលនយោបាយដែលអនុលោមទៅតាមផលប្រយោជន៍ជាមូលដ្ឋានរបស់ខ្លួន ផលប្រយោជន៍រួម ផលប្រយោជន៍សម្រាប់វិនិយោគិនបរទេស បានក្លាយជាផ្នែកមួយដ៏សំខាន់នៃការខិតខំរបស់ប្រទេសចិនដើម្បីបំពេញនូវក្តីសុបិនចិនក្នុងការស្តារភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិនផងដែរ ហើយបានប្រសិទ្ធនាមដល់ហុងកុងថា «តំបន់រដ្ឋបាលពិសេសហុងកុង»។ អត្ថិភាពដែលបាននិងកំពុងបង្កើនវឌ្ឍនភាពដ៏ខ្លាំងក្លាដល់ហុងកុងបានផ្តល់ទឡ្ហីករណ៍បញ្ជាក់យ៉ាងច្បាស់ថា គោលការណ៍ច្បាប់នេះជាការផ្តល់នូវដំណោះស្រាយដ៏ល្អបំផុតចំពោះត្រីវិស័យអភិវឌ្ឍរបស់ហុងកុង ហើយក៏ជាការពន្លាតឱ្យពិភពលោកបានយល់ដោយគ្មានមន្ទិលពីភាពជោគជ័យនិងជាគោលដៅដែលទទួលបានការស្វាគមន៍ដោយប្រជាជនចិនក្នុងហុងកុង និងក្នុងម៉ាកាវ ហើយនឹងបន្តទៅដល់តៃវ៉ាន់ផងដែរ ។ ដោយបញ្ជាក់ពីថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ប្រទេសចិននឹងរៀបចំធ្វើមហាសន្និបាតរំលឹកខួបទី៨០ ដែលជាការគូសរំលេចពីជ័យជម្នះដែលបានមកពីការលះបង់យ៉ាងធំធេងនៃប្រជាជាតិចិនទាំងមូល ហើយជាការលើកទឹកចិត្តដល់ប្រវត្តិវិទូសកលលោក ដើម្បីចែករំលែកឯកសារកាន់តែទូលំទូលាយទៅកាន់ពិភពលោក និងចងក្រងសៀវភៅដើម្បីលើកស្ទួយស្មារតីនិងការពារសេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់មនុស្សជាតិ ដើម្បីឱ្យជនរួមជាតិរបស់ខ្លួននៅកោះតៃវ៉ាន់ចងចាំពីប្រវត្ដិសាស្ដ្រ រម្លឹកនូវវិញ្ញាណក្ខន្ធជនបដិវត្តន៍ ស្រឡាញ់សន្តិភាព រួមដៃជាធ្លុងមួយស្តារភាពអស្ចារ្យឡើងវិញរបស់ប្រជាជាតិចិន។

«ប្រទេសមួយ របបពីរ» ជាការបំពេញតាមផលប្រយោជន៍របស់ជនរួមជាតិហុងកុង ដែលជាដើមចមបញ្ជាក់យ៉ាងច្បាស់ដោយរដ្ឋាភិបាលមជ្ឈិមចិនចំពោះភាពមិនងាករេ និងយ៉ាងប្រាកដប្រជាថា គោលការណ៍ច្បាប់នេះត្រូវបានអនុវត្តយ៉ាងពេញលេញដោយគ្មានការកែតម្រូវ ឬការប្រែប្រួលអ្វីឡើយនៅក្នុងក្រុងហុងកុង។ ជាក់ស្តែង គិតជាមធ្យមក្នុងមនុស្សម្នាក់ៗចំនួន25,200ដុល្លារអាមេរិកក្នុងឆ្នាំ១៩៩៧ កើនដល់53,900ដុល្លារអាមេរិកក្នុងឆ្នាំ២០២៤ ដែលជាសច្ចភាពបញ្ជាក់ថា គោលការណ៍ច្បាប់នេះនឹងអាចនាំប្រទេសចិនបោះពួយនូវមហាដំណើររបស់ខ្លួនក្នុងទិសដៅដ៏ត្រឹមត្រូវបន្តឆ្ពោះទៅសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀត និងរួមចំណែកកាន់តែសកម្មដល់ការចាក់បញ្ចូលកំណើនសេដ្ឋកិច្ចដល់ពិភពលោក ស្របនឹងចក្ខុវិស័យ៤ចំណុចគឺ៖ ១) ការយល់ដឹងឱ្យបានត្រឹមត្រូវអំពីគោលការណ៍ «ប្រទេសមួយ របបពីរ» ពោលគឺ «ប្រទេសមួយ» ប្រៀបដូចជាឫសនៃដើមឈើ។ «របបពីរ» ជាការទំនុកបម្រុងអំណាចដោយរដ្ឋបាលមជ្ឈិម និងធានានូវស្វ័យភាពកម្រិតខ្ពស់នៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុង ដើម្បីឱ្យហុងកុងរក្សាបាននូវស្ថិរភាព និងឈានដល់ទិសដៅរបស់ខ្លួនស្របតាមគោលនយោបាយរបស់ប្រទេសចិន។ ២) ការធ្វើសកម្មភាពឲ្យស្របទៅតាមរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិន និងច្បាប់មូលដ្ឋានរបស់តំបន់រដ្ឋបាលពិសេសហុងកុង ដែលជំហាននេះមានសារៈសំខាន់ក្នុងការបង្កើនការគ្រប់គ្រងរដ្ឋតាមច្បាប់ និងដើម្បីលើកកម្ពស់នីតិរដ្ឋនៅហុងកុងផងដែរ។ ៣) ការបន្តការធ្វើការគ្រប់គ្រងលើអធិបតេយ្យភាពលើហុងកុងដោយសន្តិភាព និងរក្សាឋានៈរបស់ហុងកុងក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដឹកជញ្ជូន និងពាណិជ្ជកម្មអន្តរជាតិក្នុងការជំរុញកំណើនបន្ថែម ជាមួយគ្នានេះ ការអភិវឌ្ឍជាបន្តបន្ទាប់និងយ៉ាងឆាប់រហ័សរបស់តំបន់មហាដីគោកបានផ្តល់នូវកាលានុវត្តភាពដ៏មានតម្លៃដែលជាប្រភពនៃកម្លាំងដ៏រឹងមាំនិងចន្លោះដ៏ទូលំទូលាយសម្រាប់ការអភិវឌ្ឍរបស់ហុងកុង ។ ៤) ការរក្សាបរិស្ថានសង្គមប្រកបដោយភាពសុខដុមនិងស្ថិរភាពជានិច្ចស្របតាមលំអានហុងកុងដែលមានប្រព័ន្ធជាសង្គមពហុបក្សដោយបង្កើតឲ្យមានមតិជាឯកច្ឆន្ទកាន់តែច្រើនដើម្បីផ្តល់ប្រយោជន៍កាន់តែធំជាងមុនដល់ហុងកុង។

«ប្រទេសមួយ របបពីរ» ដែលជាគំនិតផ្តួចផ្តើមដ៏អស្ចារ្យរបស់ប្រទេសចិន បានផ្តល់នូវគំនិតថ្មី និងបទពិសោធន៍ជាក់ស្តែងដល់សហគមន៍អន្តរជាតិយកទៅដោះស្រាយឆ្លើយតបលើបញ្ហាស្រដៀងគ្នានេះ។ បើយើងពិនិត្យលើជ្រុងសេដ្ឋកិច្ចមកធ្វើជាសូចនាករ នោះយើងនឹងអាចយល់បានថា កាលពីឆ្នាំ១៩៩៧ ផលិតផលក្នុងស្រុកសរុប (GDP) នៃតំបន់ហុងកុងមានចំនួន173.6ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ១៩៩៧ បានកើនដល់407ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០២៤ នោះយើងនឹងយល់ពីគោលនយោបាយប្រកបដោយភាពវាងវៃរបស់ថ្នាក់ដឹកនាំប្រទេសចិនតាមលំអានប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលក្នុងការចូលរួមចំណែករបស់ប្រទេសចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍសកលលោក។ បន្ថែមពីលើនេះ រយៈពេល២៨ឆ្នាំក្រោយការវិលត្រឡប់មករួមរស់ក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសចិន ហុងកុងជាដែនដីដែលបានតំណាងឲ្យទស្សនវិស័យរបស់ប្រទេសចិនដែលជានិច្ចកាលតែងបានផ្តល់តម្លៃចំពោះការបើកចំហនិងប្រកបដោយបរិយាប័ន្នភាពចំពោះសេដ្ឋកិច្ចក្នុងក្របខណ្ឌពហុភាគីនិយមនិងផលប្រយោជន៍ឈ្នះ-ឈ្នះ។ ក្រោយពីវិលចូលមករស់នៅក្នុងមាតុភូមិរបស់ខ្លួន រយៈពេល២៨ឆ្នាំមកនេះ ហុងកុងកាន់តែមានភាពកក់ក្តៅ ហើយបានដើរតួនាទីកាន់តែសំខាន់ដល់សេដ្ឋកិច្ចសកលក្នុងនាមជាគណៈកណ្តាលហិរញ្ញវត្ថុអន្តរជាតិ ជាច្រកទ្វារបើកទូលាយដល់ពាណិជ្ជកម្ម ជាបង្អួចដ៏មានឥទ្ធិលដល់វិនិយោគិនបរទេស ជាច្រកកំពង់ផែអន្តរជាតិដ៏សកម្មសម្រាប់វិស័យភស្តុភារកម្មពិភពលោក និងជាសមាជិកសកម្មនៃប្រព័ន្ធអន្តរជាតិ ដែលក្នុងនោះហុងកុងជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក(WTO) កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និងសមាជិករបស់អង្គការគយពិភពលោក(WCO)ជាដើម។ រយៈពេល២៨ឆ្នាំមកនេះ ហុងកុងបន្តកាន់តំណែងលំដាប់ថ្នាក់ទីបីក្នុងចំណោមមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅលើពិភពលោកទាំងមូល បន្ទាប់ពីក្រុងញូវយ៉កនិងក្រុងឡុងដ៍ ដោយយោងតាម «សន្ទស្សន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុនៅលើពិភពលោក» ថ្មីបំផុតប្រចាំខែមីនា ឆ្នាំ២០២៥នេះ ដែលជាការបង្ហាញថា «ហុងកុងជាទីផ្សារហិរញ្ញវត្ថុប្រកបដោយសេរីភាព ទំនុកចិត្តខ្ពស់ និងគោរពស្ដង់ដារអន្តរជាតិ»។

ជារួម ចំពោះប្រទេសចិន «ប្រទេសមួយ របបពីរ» បានត្រៀមខ្លួនជាស្រេចដើម្បីជម្រាបជូនពិភពលោកថា ប្រទេសចិនគាំទ្រយ៉ាងមុតមាំលើគោលការណ៍ច្បាប់នេះដោយបញ្ជាក់ថាតំបន់រដ្ឋបាលពិសេសហុងកុង ជាសង្គមដែលសម្បូរបែបដែលរដ្ឋបាលមជ្ឈិមចិនបានខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីក្រាលមាគ៌ាអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ដែលមិនគ្រាន់តែជាវិធីដ៏ល្អបំផុតតែមួយគត់សម្រាប់ដោះស្រាយបញ្ហាហុងកុងដែលបន្សល់ទុកពីប្រវតិ្តសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាប្រព័ន្ធរបបដ៏ល្អប្រពៃបំផុតសម្រាប់ឱ្យហុងកុងធានាឬសគល់សម្រាប់អភិវឌ្ឍប្រជាធិបតេយ្យដោយរក្សាស្ថិរភាពនិងវិបុលភាពជានិរន្តរ៍ ព្រមទាំងផ្តល់ទឡ្ហីករណ៍ដល់ពិភពលោកបន្តធ្វើជាសាក្សីថា «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» ដែលត្រូវបានអនុវត្តជាក់ស្តែងនៅហុងកុង និងម៉ាកាវនិយាយដោយឡែក និងបន្តអនុវត្តនៅតៃវ៉ាន់និយាយរួម នឹងក្លាយជាគោលការណ៍ដែលទទួលបានជោគជ័យកាន់តែធំធេងសម្រាប់តំបន់ទាំងនោះក្នុងការរួបរួមសម្រេចបានកាន់តែឆាប់នូវ«ការស្តារភាពអស្ចារ្យឡើងវិញរបស់ប្រជាជាតិចិន»៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

Written by 

Related posts

Leave a Comment