កាសែតអាមេរិកដ៏សំខាន់មួយផ្សាយឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានយល់ព្រមចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន ដើម្បីជួយក្នុងការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលជ្រៅនៅក្នុងប្រទេសរុស្ស៊ី។

កាសែត Wall Street Journal បានរាយការណ៍រឿងនេះកាលពីថ្ងៃពុធដោយដកស្រង់សម្តីមន្ត្រីអាមេរិក។ រឿងនេះកើតឡើងនៅពេលដែលទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាផ្គត់ផ្គង់ទីក្រុង Kyiv ជាមួយនឹងមីស៊ីលឆ្លងទ្វីប Tomahawk ដែលមានសមត្ថភាពបាញ់បានរយៈចម្ងាយឆ្ងាយ។ ព័ត៌មានយោធាពីផ្កាយរណប និងប្រភពផ្សេងទៀតមានសារៈសំខាន់ណាស់ក្នុងការវាយប្រហារយ៉ាងត្រឹមត្រូវលើគោលដៅដោយមីស៊ីលរយៈចម្ងាយឆ្ងាយ និងយន្តហោះគ្មានមនុស្សបើក។
កាសែតនេះលើកទ្បើងថា ការចែករំលែកព័ត៌មានសម្ងាត់មានន័យថា អ៊ុយក្រែននឹងអាចវាយលុករោងចក្រចម្រាញ់ប្រេង និងបំពង់បង្ហូរប្រេងនៅឆ្ងាយពីព្រំដែនរបស់ខ្លួនចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី។ កាសែតបន្តថាការវាយប្រហារទាំងនេះមានគោលបំណងដកហូតវិមានក្រឹមឡាំងនៃប្រាក់ចំណូលនិងប្រេងដើម្បីទ្រទ្រង់ការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។
កាសែតនេះក៏បានដកស្រង់សម្តីមន្ត្រីអាមេរិកដោយនិយាយថា នេះជាលើកទីមួយហើយដែលរដ្ឋបាល ត្រាំ នឹងជួយដល់ការវាយប្រហាររបស់អ៊ុយក្រែនពាក់ព័ន្ធនឹងមីស៊ីលរយៈចម្ងាយឆ្ងាយប្រឆាំងនឹងគោលដៅថាមពលដែលជ្រៅនៅក្នុងទឹកដីរុស្ស៊ី។
ថ្មីៗនេះ យោធាអ៊ុយក្រែនបានធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកម្តងហើយម្តងទៀតលើរោងចក្រចម្រាញ់ប្រេង។ ការផ្គត់ផ្គង់ប្រេងឥន្ធនៈត្រូវបានគេរាយការណ៍ថាកំពុងដំណើរការកម្រិតទាបនៅក្នុងតំបន់មួយចំនួននៃប្រទេសរុស្ស៊ីដោយកង្វះខាតប្រេង។
ក្រុមអ្នកវិភាគនិយាយថា រដ្ឋបាល ត្រាំ មានគោលបំណងបង្កើនសម្ពាធលើទីក្រុងម៉ូស្គូ ដែលមិនបានយល់ព្រមរៀបចំការចរចាដើម្បីសន្តិភាព ឬបទឈប់បាញ់៕

ដោយ៖ ពេជ្រ