អាមេរិក ជូនដំណឹង UN ស្ដីពីដោះស្រាយជាមួយអ៊ីរ៉ង់

សហរដ្ឋអាមេរិក ប្តេជ្ញាបន្តកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់លើកម្មវិធីនុយក្លេអ៊ែរ ដោយកិច្ចព្រមព្រៀងនេះរំពឹងថានឹងនាំមកនូវសន្តិភាព និងវិបុលភាពដល់តំបន់។ នេះបើយោងតាមលិខិតរបស់ភារធារីអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Dorothy Shea បានដាក់ជូនប្រធានក្រុមប្រឹក្សាសន្តិសុខ។

លិខិត បានសរសេរថា សហរដ្ឋអាមេរិក នៅតែប្តេជ្ញាបន្តកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអ៊ីរ៉ង់។ ប្រសិនបើរដ្ឋាភិបាលអ៊ីរ៉ង់ បោះបង់មហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន ហើយមិនស្វែងរកអាវុធនុយក្លេអ៊ែរម្តងទៀតទេ នោះកិច្ចព្រមព្រៀងនេះនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនអ៊ីរ៉ង់ នាំមកនូវសន្តិភាព និងវិបុលភាពដល់តំបន់ទាំងមូល។

គួររំលឹកថា កាលពីថ្ងៃ​ទី​ ១៣ ខែមិថុនា អ៊ីស្រាអែល​ បាន​បើក​ប្រតិបត្តិការ​យោធា​ប្រឆាំង​នឹង​អ៊ីរ៉ង់។ តិចជាង ២៤ ម៉ោងក្រោយមក អ៊ីរ៉ង់ បានសងសឹក។ រយៈពេល ៩ ថ្ងៃ ក្រោយមកគឺថ្ងៃទី ២២ ខែមិថុនា យន្តហោះចម្បាំងអាមេរិក បានវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន ៣ ។

នៅល្ងាចបន្ទាប់ ទីក្រុងតេអេរ៉ង់ បានបើកការវាយប្រហារដោយមីស៊ីលទៅលើ Al Udeid ដែលជាមូលដ្ឋានទ័ពអាកាសដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ មានទីតាំងនៅប្រទេសកាតា។ បើ​តាម​អាជ្ញាធរ​អាមេរិក អះអាងថា មិន​មាន​អ្នក​ស្លាប់ ឬ​រងរបួសនោះទេ ៕

ដោយ៖ ពេជ្រ                     

Written by 

Related posts

Leave a Comment