ក្រុមជម្រើសជាតិនារីកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីទទួលក្រុមភ្ញៀវ ជម្រើសជាតិនារីហ្គាំ នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៧:00 នាទីយប់នេះ។

ការប្រកួតមិត្តភាពអន្តរជាតិនេះ គឺជាឱកាសដ៏ល្អសម្រាប់ក្រុមជម្រើសជាតិនារីកម្ពុជា ក្នុងការបង្ហាញសមត្ថភាព បង្កើនបទពិសោធន៍ប្រកួតអន្តរជាតិ ព្រមទាំងជាការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ប្រកួត AFC Women’s Asian Cup Australia 2026 Qualifiers ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ហើយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ពូល G ផងដែរ។
យ៉ាងណាមិញថ្លែងក្នុងសន្និសីទកាសែតមុនការប្រកួតកាលពីថ្ងៃទី ២៤ ខែ មិថុនា ម្សិលមិញ គ្រូបង្វឹករបស់ក្រុមនារីកម្ពុជា លោក Conor Nestor បានលើកឡើងថា៖ «សម្រាប់ខ្ញុំ គឺសប្បាយចិត្ត ដែលបានចូលរួមជាមួយក្រុមបាល់ទាត់នារីកម្ពុជា។ ខ្ញុំត្រៀមសម្រាប់ថ្ងៃរួចរាល់ហើយ ក្នុងការលេងទល់នឹងក្រុមនារី ហ្គាំ។… ពិតណាស់ការប្រកួតនេះ គឺជាការប្រកួតសំខាន់សម្រាប់ក្រុមយើង ដោយសារ ហ្គាំ ទើបតែលេងជាមួយ អារ៉ាប៊ីសាអ៊ូឌីត និងក្រុមមួយចំនួនទៀតនៅក្នុងពូលជាមួយយើងក្នុងពាន AFC Women’s Asian Cup ។ វាគឺសំខាន់សម្រាប់កីឡាការិនីយើង ដែលពួកគាត់អាចប្រកួតជាមួយក្រុមមួយ ដែលមានកម្រិតប្រកួតប្រជែងដូចក្រុមក្នុងពូលរបស់យើង»។

ចំណែកគ្រូបង្វឹករបស់ក្រុមភ្ញៀវ អ្នកស្រី Kimberly Sherman បានមានប្រសាសន៍ថា៖ «ក្រុមរបស់ខ្ញុំរៀបចំបានល្អ ហើយក្រុមរបស់ខ្ញុំបានរៀបចំមួយរយៈហើយ។ ការផ្តោតចំពោះការប្រកួតនេះ គឺទៅលើទ្រឹស្តី និងតាក់ទិចនៃការលេង។… ខ្ញុំគិតថា បាល់ទាត់នារីកម្ពុជា មានស្ថានភាពស្រដៀងគ្នាទៅនឹងក្រុមបាល់ទាត់នារីនៅហ្គាំ។ ខ្ញុំដឹងអំពីចំណុចខ្លាំងរបស់ក្រុមបាល់ទាត់នារីកម្ពុជា។…ការប្រកួតនេះមានសារសំខាន់ ដើម្បីត្រៀមខ្លួនការប្រកួតផ្លូវការ AFC Women’s Asian Cup»៕
