រាជធានីភ្នំពេញ៖ ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា លោកបណ្ឌិត Shaharuddin Onn (សាហារ៉ូឌីន អន) បានប្រកាសជាផ្លូវការពីការប្រកួតបាល់ទាត់ពានរង្វាន់ឯកអគ្គរាជទូតម៉ាឡេស៊ី ឆ្នាំ២០២៥ ដែលមានឈ្មោះ ថា Football Shield 2025 (ហ្វូតបល ស៊ៀល ២០២៥) ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៦ ខែកក្កដាខាងមុខនេះ។

ការប្រកាសជាផ្លូវការណ៍នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែមិថុនា ក្នុងស្ថានទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីតំណាងក្រុមបាល់ទាត់ទាំង ២៤ក្រុម ក្រុមអាជ្ញាកណ្តាល គណៈកម្មការរៀបចំ និងក្រុមហ៊ុន ដែលបានជួយឧបត្ថម្ភការប្រកួត។
លោក សាហារ៉ូឌីន អន បានឱ្យដឹងថា កម្មវិធីប្រកួត Football Shield ធ្លាប់បានរៀបចំលើកទី១ នៅឆ្នាំ២០២៤។ ដោយសារមានការគាំទ្រច្រើន ទើបស្ថានទូតម៉ាឡេស៊ី បានរៀបចំកម្មវិធីប្រកួតបាល់ទាត់នេះ ជាលើកទី២ នៅឆ្នាំ២០២៥នេះ ដោយមានក្រុមបាល់ទាត់ចំនួន ២៤ ចូលរួមប្រកួតដណ្តើមជ័យលាភី ក្នុងនោះ រួមមានក្រុមបាល់ទាត់មកពីវស័យឯកជន និងស្ថាប័នរដ្ឋរបស់កម្ពុជា។

លោក បានថ្លែងឱ្យដឹងថា កម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់ឯកអគ្គរាជទូតម៉ាឡេស៊ីនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការទូតកីឡា ដោយប្រើកីឡាជាស្ពាន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសម៉ាឡេស៊ី និងកម្ពុជា ជាពិសេសក្នុងទិដ្ឋភាពប្រជាជន និងប្រជាជន។ ជាមួយគ្នានេះ កម្មវិធីនេះ ក៏ដើម្បីពង្រឹងការចូលរួមទ្វេភាគី និងការផ្សារភ្ជាប់សហគមន៍ ដោយផ្តល់នូវវេទិកាមួយដែលប្រជាជនម៉ាឡេស៊ី និងកម្ពុជា អាចធ្វើទំនាក់ទំនងគ្នាទៅវិញទៅមក។
ក្រៅពីនេះ កម្មវិធីនេះ ក៏ដើម្បីលើកទឹកចិត្តដល់សុខុមាលភាព និងការរស់នៅសកម្ម ជាពិសេសក្នុងចំណោមយុវជន និងអ្នកជំនាញការងារ។ ក្រៅពីនេះ ក៏ដើម្បីអបអរសាទរការរួបរួមក្នុងភាពចម្រុះ ដែលជាតម្លៃកណ្តាលនៃអត្តសញ្ញាណជាតិរបស់ប្រទេសម៉ាឡេស៊ី និងជាព្រឹត្តិការណ៍មួយដែលដក់ជាប់យ៉ាងខ្លាំងជាមួយប្រជាជនកម្ពុជាផងដែរ។

បើតាមលោកឯកអគ្គរាជទូត ក្រុមដែលទទួលបានពានរង្វាន់ នឹងទទួលបានទឹកប្រាក់១២០០ដុល្លារអាម៉េរិក ហើយក្រុមដែលជាប់ជ័យលាភីបន្ទាប់ នឹងទទួលបានថវិកា ១០០០ដុល្លារ និង ៨០០ដុល្លារ។ លោកក៏បានថ្លែងអំណរគុណដល់ក្រុមកីឡាទាំង ២៤ក្រុម ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុនឯកជន ដែលបានចូលរួមឧបត្ថម្ភក្នុងដំំណើរការរៀបចំនេះ។ លោក ក៏សង្ឃឹមថា កម្មវិធីបាល់ទាត់ Football Shield 2025 នឹងបន្តជំរុញទឹកចិត្តមិត្តភាព ឧត្តមភាព និងមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ។
តាមរយៈការចាប់ឆ្នោតនៅរសៀលថ្ងៃទី២៤ ខែមិថុនានេះ ក្រុមកីឡាបាល់ទាត់ ២៤ក្រុម ត្រូវបានបែងចែកជា ៤ពូល ដែលក្នុងមួយពូល មាន ៦ក្រុម ធ្វើការប្រកួតជម្រុះ រហូតដល់វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ នៅទីលានបាល់ទាត់វិទ្យាល័យជាស៊ីម ជ្រោយចង្វារ ដោយចាប់ផ្តើមពីម៉ោង ៧ព្រឹក ដល់ម៉ោង ៤រសៀល៕

