ខ្សែការពារ Rico Lewis របស់ក្លិបមេឃខៀវ Manchester City ត្រូវបានដកបញ្ឈរជើង ២ប្រកួតបន្ថែមទៀត បន្ទាប់ពីទទួលបានកាតក្រហមនៅថ្ងៃប្រកួតបើកឆាកទល់នឹង Wydad Casablanca នៃកម្មវិធី FIFA Club World Cup 2025 ដែលមានសហរដ្ឋអាមេរិកធ្វើម្ចាស់ផ្ទះ។
ខ្សែការពារសញ្ជាតិអង់គ្លេសវ័យ ២០ ឆ្នាំរូបនេះត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហមបណ្តេញចេញភ្លាមៗនៅពេលបង្កកំហុស ទាក់ជើងកីឡាករ Samuel Obeg ឱ្យដួលនៅនាទីទី ៨៨ នៃការប្រកួតដែលក្រុមការពារតំណែងជើងឯក Man City យកឈ្នះក្រុមមកពីប្រទេសម៉ារ៉ុក Wydad ២ទល់នឹង០ កាលពីថ្ងៃពុធសប្តាហ៍មុន។
Rico Lewis បានខកខាន ១ប្រកួតរួចហើយ ក្នុងប្រកួតដែល Man City បំបាក់ Al-Ain ៦ទល់នឹង០ កាលពីថ្ងៃចន្ទម្សិលមិញ នៅពេលគណៈកម្មាធិការវិន័យ FIFA មើលឃើញពីកំហុសធ្ងន់ធ្ងរ ដោយសម្រេចពិន័យថែម ២ប្រកួតទៀត។
ជុំវិញរឿងរាវនេះ Ma City ក៏បានធ្វើការប្តឹងជំទាស់ ប៉ុន្តែត្រូវបានបរាជ័យ ដែលមានន័យថា Rico Lewis នឹងបន្តអវត្តមានពេលប៉ះ Juventus និងប្រកួតវគ្គ ១៦ក្រុមទៀតផង៕
