តាកែវ៖ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានកិត្តិយស គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាល និងអបអរសាទរខួប លើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៥ ដែលបានប្រារព្ធធ្វើឡើង នៅសាលប្រជុំបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងតាកែវ។

លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងខេត្ត និងប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ បានឱ្យដឹងថា នៅទូទាំងខេត្តតាកែវ មានអតីតយុទ្ធជន សរុបចំនួន ៥១២៩នាក់ ក្នុងនោះបានចូលជាសមាជិក ស.អ.ក ចំនួន ៤១១១នាក់ រួមមាន៖ ជនពិការ ចំនួន ១២៩៤នាក់ និវត្តជន ចំនួន ១៧៩១នាក់ ជនបាត់បង់សមត្ថភាពការងារ ចំនួន ៥៩នាក់ គ្រួសារពលី ចំនួន ៩០០នាក់ និងគ្រួសារជនមរណៈ ចំនួន ៦៧នាក់។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង លោកជំទាវបណ្ឌិត បានធ្វើការសាងសង់ផ្ទះជូន អតីតយុទ្ធជន បានចំនួន ៦៩ខ្នងផ្ទះ និងបានជួយដល់អតីតយុទ្ធជនកម្ពុជាទាំងអស់ ពេលជួបការលំបាក គ្រោះថ្នាក់ មរណភាព ដោយមិនប្រកាន់ព្រភពដើម សាសនា និន្នាការ នយោបាយ និងឋានៈសង្គមឡើយ។
អំណោយដែលបានយកចែកជូនបងប្អូនអតីតយុទ្ធជន ចំនួន ៣០០នាក់ ក្នុងម្នាក់ៗ ទទួលបាន៖ អង្ករ ២៥គីឡូ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, និងថវិការមួយចំនួនផងដែរ ៕តាកែវ




