ខេត្តស្វាយរៀង៖ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧- ២១ មិថុនា ២០២៥ ដែលប្រារព្ធធ្វេីនៅវរៈសេនាតូចការពារព្រំដែនគោក៦០៩ ក្រុងបាវិតនៅព្រឹកថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២៥នេះ។

ឯកឧត្តមអភិបាលខេត្ត បានសម្ដែងនូវការអរគុណចំពោះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិ-សម្បទា ខេត្ត និងសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលមានលោកឧត្ដមសេនីយ៍ស្នងការនគរបាលខេត្ត ជាប្រធាន ដែលបានសហការរៀបចំពិធីដ៏មានសារៈសំខាន់នេះឡើង ដើម្បីជាការរួមចំណែកក្នុងការរំឭកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន ដែលបានធ្វើមហាពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិ ដើម្បីរំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ប៉ុលពត និងបានជួយសង្គ្រោះជីវិតបងប្អូនប្រជាជន និងសង្គមជាតិឲ្យរស់ឡើងវិញ និងរីកចម្រើនរហូតដល់សព្វថ្ងៃ ។

ឯកឧត្តមបន្តថា ក្រោយថ្ងៃរំដោះ ៧មករា កម្ពុជាត្រូវប្រឈមនឹងឧបសគ្គ និងការលំបាកជាច្រើនឥតគណនា ដែលជាផល វិបាក នៃសង្គ្រាម និងទប់ការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ។ ក្នុងដំណាក់កាលនោះ ប្រទេសជាតិយើង ដៃម្ខាងគឺខិតខំស្ដារសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនឡើងវិញ ពីបាតដៃទទេ ហើយដៃម្ខាងទៀត ត្រូវប្រយុទ្ធទប់ស្កាត់មិនឲ្យរបប ប៉ុល ពត វិលត្រឡប់មកវិញ ក្នុងស្ថានភាពដែលប្រទេសជាតិត្រូវបានហ៊ុមព័ទ្ធសេដ្ឋកិច្ច និងនយោបាយ ពីខាងក្រៅយ៉ាងអយុត្ដិធម៌ ។
ឯកឧត្តមបន្ថែមថា ដោយសារសង្គ្រាមមិនមែនជាដំណោះស្រាយដ៏ប្រសើរនាំមកនូវសន្ដិភាព និងការអភិវឌ្ឍនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទ្ទេសក៍ឯក និងជា ប្រតិបត្ដិករនយោបាយ បានដាក់ចេញនយោបាយ “ឈ្នះ–ឈ្នះ” នៅឆ្នាំ ១៩៩៨ ធ្វើឲ្យទឹកដីកម្ពុជា បាននាំមកនូវសន្តិភាពពេញលេញ ការឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង គ្រប់កម្លាំងប្រដាប់អាវុធ និងអតីតយុទ្ធជន នៃភាគីទាំងអស់ នៅក្នុងជម្លោះ បានធ្វើសមាហរណកម្មមកក្រោមដំបូលរាជរដ្ឋាភិបាលកម្ពុជាតែមួយ ។

ឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់បងប្អូនបរជាពលរដ្ឋ និងអតីតយុទ្ធជន ព្រមទាំងគ្រួសារអតីតយុទ្ធជនយើងទាំងអស់៖
• សូមយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ
• សូមបន្តចូលរួមថែរក្សា ការពារ នូវសុខសន្តិភាព និងការអភិវឌ្ឍដែលរកបានដោយលំបាករបស់រាជរដ្ឋាភិបាល និងកំពុងមានសព្វថ្ងៃឲ្យបានគង់វង្សជារៀងដរាប និងក៏សូមបន្តជឿជាក់ ជឿទុកចិត្តរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង (ផ្នែកខាងលិច) ហើយក៏សូមផ្ដល់ការគាំទ្រ និងលើកទឹកចិត្តដល់យុទ្ធជន(កងកម្លាំងគ្រប់ប្រភេទ) យើងជំនាន់ក្រោយ ដែលកំពុងបំពេញ ភារកិច្ចនៅសមរភូមិមុខ ថែរក្សាការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជាយើងទាំងអស់គ្នា៕គឹមសេង




