មន្ត្រីយោធាជាន់ខ្ពស់ក្នុងប្រទេសកូរ៉េខាងត្បូងបាននិយាយថា ពួកគេមិនបានដឹងអំពីផែនការរបស់លោកប្រធានាធិបតី Yoon Suk-yeol ក្នុងការប្រកាសច្បាប់អាជ្ញាសឹករហូតដល់វាចេញជាសាធារណៈនោះទេ។ មន្ត្រីម្នាក់បាននិយាយថា អតីតរដ្ឋមន្ត្រីការពារជាតិលោក Kim Yong-hyun ដែលបានលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ ជាអ្នកទទួលខុសត្រូវក្នុងការបញ្ជាឱ្យដាក់ពង្រាយកងទ័ពទៅកាន់សភា។
ហ្វូងបាតុករបានប្រមូលផ្តុំគ្នានៅខាងក្រៅអគារសភាជាតិជាពីរថ្ងៃជាប់គ្នា ហើយបានអំពាវនាវឲ្យសមាជិកសភាបោះឆ្នោតទម្លាក់លោក Yoon។ សមាជិកគណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំងធំនិយាយថាពួកគេគ្រោងនឹងរៀបចំការបោះឆ្នោតនៅថ្ងៃសៅរ៍ដើម្បីទម្លាក់លោក YOON។
កាលពីថ្ងៃព្រហស្បតិ៍ សមាជិកសភាបានសាកសួរមន្ត្រីយោធានៅក្នុងកិច្ចប្រជុំបន្ទាន់មួយនៃគណៈកម្មាធិការការពារជាតិរបស់សភា។ នាយសេនាធិការកងទ័ពលោក Park An-su បាននិយាយថា លោកបានចូលកាន់តួនាទីជាមេបញ្ជាការច្បាប់អាជ្ញាសឹកដោយតក់ក្រហល់។ លោកបានបន្ថែមថា លោកមិនដឹងថានរណាជាអ្នកបញ្ជាឲ្យទាហានចូលសភានោះទេ។
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Kim Seon-ho បាននិយាយថា លោកបានឮជាលើកដំបូងអំពីការប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងរបាយការណ៍ព័ត៌មានមួយ។ ទន្ទឹមនោះក៏មានការចោទសួរដោយសមាជិកសភាអំពីថាតើលោកបានបញ្ជាឱ្យដាក់ពង្រាយកងទ័ពឬអត់ លោក Kim បាននិយាយថា “ខ្ញុំមិនមានតួនាទីបញ្ជាវាទេ។ លោកថារដ្ឋមន្ត្រីខ្លួនឯងបានបញ្ជាឱ្យដាក់ពង្រាយ”។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា រដ្ឋអាជ្ញាបានបើកសំណុំរឿងប្រឆាំងលោក Kim Yong-hyun អតីតរដ្ឋមន្ត្រីការពារជាតិ។ គាត់ត្រូវបានគេរាយការណ៍ថាស្ថិតនៅក្រោមការស៊ើបអង្កេត ហើយត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរទៅក្រៅប្រទេស៕
ដោយ៖ ពេជ្រ