ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic មានការព្រួយបារម្ភថា ជម្លោះអ៊ុយក្រែន រីករាលដាលកាន់តែខ្លាំង ហើយសង្ឃឹមថានឹងមិនមានការកើនឡើងបន្ថែមទៀត ។
មេដឹកនាំស៊ែប៊ី បានឆ្លើយតបទៅនឹងសំណើរបស់អ្នកកាសែត ដើម្បីអត្ថាធិប្បាយលើការកត់សម្គាល់របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ដែលលើកឡើង នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សារដ្ឋមន្ត្រី OSCE នៅទីក្រុង Valletta ថា សង្រ្គាមត្រជាក់រស់ឡើងវិញហើយអាចផ្លាស់ប្តូរទៅជាក្តៅ តាមដំណាក់កាលៗ។
ទន្ទឹមនោះ លោក Vucic ក៏បានគូសបញ្ជាក់ថា លោក មានការព្រួយបារម្ភចំពោះការកើនឡើងបន្ថែមទៀតនៃជម្លោះនៅអឺរ៉ុបខាងកើត និងអ្វីដែលកើតឡើងក្នុងរយៈពេល ៥ ទៅ៦ សប្តាហ៍ខាងមុខនេះ។
លោក បានបន្ថែមថា នៅពេលដែលមនុស្សគ្រប់គ្នានិយាយអំពីសង្គ្រាម អ្នកដឹងថារឿងទាំងនេះកំពុងកើតឡើង។ ខ្ញុំសង្ឃឹមថានឹងមានសុភវិនិច្ឆ័យ និងប្រាជ្ញាគ្រប់គ្រាន់ដើម្បីជៀសវាងរឿងទាំងអស់នេះ។ ដោយសារតែមនុស្សមិនដឹងថា មហន្តរាយអាចកើតឡើងនោះទេ។ ជាចុងក្រោយ យើងត្រូវព្យាយាម ដើម្បីបន្ធូរបន្ថយស្ថានការណ៍ មិនមែនចេះតែបន្តទៅតាមផ្លូវដ៏គ្រោះថ្នាក់នេះទេ។
ប្រធានាធិបតីស៊ែប៊ី បានបញ្ជាក់ដែរថា ភាគីផ្សេងៗនៅអឺរ៉ុប និងពិភពលោកមិនទាន់ត្រៀមខ្លួនជាស្រេចក្នុងការពិភាក្សា ដើម្បីដោះស្រាយរាល់បញ្ហាដែលប្រមូលផ្តុំនៅឡើយ ៕
ដោយ៖ ពេជ្រ