កិច្ចសន្ទនារវាងភាគីទាំងពីរចិននិងអាមេរិកនៅក្រុងឡុងដ៍ប្រកបដោយភាពស្មោះត្រង់និងស៊ីជម្រៅ ធ្វើឱ្យមជ្ឈដ្ឋានសាធារណមតិមានសុទិដ្ឋិនិយមនិងការតាមដានយ៉ាងមធ្យ័តចំពោះអនាគតនៃកិច្ចពិគ្រោះពិភាក្សាអំពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក ។ បណ្តាញ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រកាសលទ្ធផលនៃការស្ទង់មតិចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណែត ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍យល់ឃើញជាទូទៅថា កិច្ចសន្ទនាលើកនេះបានបញ្ចេញសញ្ញាវិជ្ជមានសម្រាប់ការអនុវត្តគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរដែលឈានដល់ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ និងបន្ធូរបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងភាគីទាំងពីរ ហើយអំពាវនាវឱ្យអាមេរិកដើរស្របតាមទិសដៅជាមួយភាគីចិន ដើម្បីអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមក្នុងកិច្ចប្រជុំ ។
អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៥,២ភាគរយយល់ឃើញថា ការដែលចិននិងអាមេរិកបង្កើនកិច្ចសហប្រតិបតិ្តការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម មិនត្រឹមតែមានអំណោយផលដល់ការអភិវឌ្ឍរៀងខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ការធានាដ៏សំខាន់ចំពោះស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលលោកផងដែរ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៧,១ភាគរយយល់ឃើញថា ការដែលទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកអភិវឌ្ឍប្រកបដោយភាពល្អបរិសុទ្ធនិងស្ថិរភាព មិនត្រឹមតែអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមរួមចំណែកដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ចសកលផងដែរ ។
បណ្តាញ CNNរបស់អាមេរិក បានបង្ហាញពីសុទិដ្ឋិនិយមនិងការតាមដានយ៉ាងមធ្យ័តចំពោះគំនិតឯកភាពរួមក្នុងកិច្ចសន្ទនា និងលើកឡើងថា “គ្មានអ្នកណាចង់ត្រឡប់ទៅរកស្ថានការណ៍បដិបក្ខគ្នាដូចខែមេសានោះឡើយ ។” តាមពិតទៅ អាមេរិកបង្កជម្លោះពាណិជ្ជកម្មក្រោមហេតុផល “ខាតបង់” គឺគ្មានភស្តុតាងជាក់ស្តែង ពីព្រោះ ឱនភាពពាណិជ្ជកម្មរបស់អាមេរិកជាមួយប្រទេសចិនបានកាត់បន្ថយពីចំនួន៤៧,៥ភាគរយកាលពីឆ្នាំ២០១៨ មកនៅត្រឹម២៤,៦ភាគរយកាលពីឆ្នាំ២០២៤ ដែលឱនភាពពាណិជ្ជកម្មរបស់អាមេរិកជាមួយប្រទេសចិននៅឆ្នាំ២០២៤ មានទំហំ២៧,៣ប៊ីលានដុល្លារអាមេរិក ។
ការស្ទង់មតិលើកនេះបានធ្វើឡើងតាមរយៈបណ្តាញCGTN ភាសាអង់គ្លេស ភាសាអេស្ប៉ាញ ភាសាបារាំង ភាសាអារ៉ាប់ និងភាសារុស្ស៊ី ក្នុងរយៈពេលតែ២៤ម៉ោង ក៏មានអ្នកផ្តល់បទសម្ភាសន៍ចំនួន៥១៣០នាក់ចូលរួមបោះឆ្នោតនិងបញ្ចេញមតិ ៕
