មន្ត្រីអាមេរិក ត្រូវបានគេប្រាប់ថា អ៊ីស្រាអែល ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបើកប្រតិបត្តិការចូលទៅក្នុងប្រទេសអ៊ីរ៉ង់។ នេះបើតាម CBS News បានរាយការណ៍ដោយដកស្រង់ប្រភព។

ប្រេសិតពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff គ្រោងនឹងជួបជាមួយអ៊ីរ៉ង់ សម្រាប់កិច្ចចរចាជុំទី ៦ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ នៅថ្ងៃអាទិត្យ ខាងមុខនេះ ។
ទន្ទឹមនោះ មុននេះរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth ក៏បានអនុញ្ញាតឲ្យទាហានអាមេរិកនៅមជ្ឈិមបូព៌ាត្រឡប់មកប្រទេសវិញ ដោយសារតែបញ្ហាសន្តិសុខ។
ជាមួយគ្នានោះ លោកប្រធានាធិបតីអាមេរិក Donald Trump បានលើកឡើងដែរថា ជនជាតិអាមេរិក ត្រូវបានណែនាំអោយចាកចេញពីតំបន់ព្រោះវាអាចជាកន្លែងគ្រោះថ្នាក់ ព្រោះយើងឃើញអ្វីដែលអាចនឹងកើតឡើង។
លោក ក៏បានកត់សម្គាល់ថា អាមេរិក មិនចង់ឲ្យអ៊ីរ៉ង់អភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ។ លោក Trump បានសង្កត់ធ្ងន់ថា យើងនឹងមិនអនុញ្ញាតឱ្យធ្វើរឿងនេះទេ។
ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រដ្ឋបាលក្រុងវ៉ាស៊ីនតោន មានការព្រួយបារម្ភថា អ៊ីស្រាអែល កំពុងរៀបចំការវាយប្រហារលើប្រទេសអ៊ីរ៉ង់ បើទោះបីជាមានការចរចាជាបន្តបន្ទាប់លើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ក៏ដោយ៕

ដោយ៖ ពេជ្រ