ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីបានប្រគល់ក្រុមទីពីរនៃទាហានរបស់ខ្លួនពីការជាប់ឃុំឃាំងរបស់អ៊ុយក្រែននៅក្នុងការផ្លាស់ប្តូរអ្នកទោសសង្គ្រាម (POW) ជាមួយអ៊ុយក្រែន ស្របតាមកិច្ចព្រមព្រៀងទីក្រុងអ៊ីស្តង់ប៊ុល។

សូមជម្រាបថា នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២៥ ក្រុមទាហានរុស្ស៊ីអាយុក្រោម ២៥ ឆ្នាំបានវិលត្រឡប់ពីការចាប់ឃុំឃាំងអ៊ុយក្រែន។
ក្រសួងបានរំលេចនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ នៅថ្ងៃទី ១០ខែមិថុនា ដោយអនុលោមតាមកិច្ចព្រមព្រៀងរុស្ស៊ី-អ៊ុយក្រែនដែលបានឈានដល់ការស្រុះស្រួលនៅទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃទី ២ ខែមិថុនា ទាហានរុស្ស៊ីក្រុមទីពីរបានត្រឡប់មកវិញពីទឹកដីដែលគ្រប់គ្រងដោយរបបក្រុងគៀវ។ ជាថ្នូរនឹងគ្នា រុស្ស៊ីបានផ្ទេរទាហានអ៊ុយក្រែនមួយក្រុមផងដែរ”។
បច្ចុប្បន្ននេះ ទាហានរុស្ស៊ីកំពុងស្នាក់នៅលើទឹកដីនៃប្រទេសបេឡារុស្ស ជាកន្លែងដែលពួកគេកំពុងទទួលបានជំនួយផ្នែកចិត្តសាស្រ្ត និងវេជ្ជសាស្ត្រដែលត្រូវការ។ ពួកគេទាំងអស់នឹងត្រូវបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ដើម្បីព្យាបាល និងស្តារនីតិសម្បទានៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃក្រសួងការពារជាតិរុស្ស៊ី៕

ដោយ៖ ពេជ្រ