សន្ទរកថាស្វាគមន៍ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ជា ចំរើន ជាតំណាងសាកលវិទ្យាល័យពោធិសាស្ត្រាផ្ល័រីដាសហរដ្ឋអាមេរិក និង ជាប្រធានសមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាពនិងអភិវឌ្ឍន៍
– លោកសាស្ត្រាចារ្យបណ្ឌិត Sak Prasandee អធិការបតីនៃសាកលវិទ្យាល័យពោធិសាស្ត្រាផ្ល័រីដាសហរដ្ឋអាមេរិកជាទីគោរពដ៏ខ្ពង់ខ្ពស់
– ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោកយាយលោកតា លោក លោកស្រី ជាភ្ញៀវកិត្តិយសជាគោរពរាប់អាន
– អង្គវិធីទាំងមូលជាមេត្រី!
ថ្ងៃនេះ ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយជាអនេកដោយបានទទួលនូវវត្តមានគណ:ប្រតិភូសាកលវិទ្យាល័យពោធិសាស្ត្រាផ្ល័រីដាសហរដ្ឋអាមេរិកដឹកនាំដោយលោកសាស្ត្រាចារ្យបណ្ឌិត Sak Prasandee ចូលរួមផ្តល់ជាមហាកិត្តិយសថ្លៃថ្លារ ក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសដល់ជ័យលាភជាឥស្សរៈជនឆ្នើម។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅក្រៃលែងបំផុត ចំពោះ វត្តមានលោកសាស្ត្រាចារ្យបណ្ឌិត ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និង អ្នកនាងកញ្ញាដែលបានឆ្លៀតឱកាសដ៏មានតម្លៃចូលរួមក្នុងពិធីដ៏មានសារសំខាន់នាពេលនេះ។
ក្នុងឱកាសដ៏មហាវិសេសវិសាលនេះ ក្នុងនាម ខ្ញុំជាប្រធានសមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាពនិងអភិវឌ្ឍន៍ សូមជំរាបជូននូវប្រវត្តិសង្ខេបសមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាពនិងអភិវឌ្ឍន៍ដែលមានគោលការណ៍ដូចតទៅ:
ក. អំពីទស្សនវិស័យ
ប្រាថ្នាចង់ឃើញសារព័ត៌មាននៅប្រទេសកម្ពុជាមានការផ្លាស់ប្តូរព័ត៌មានប្រកបដោយភាពទទួលខុសត្រូវ ព័ត៌មានត្រឹមត្រូវ មិនក្លែងក្លាយ ប្រកបដោយគុណភាព និង ទទួលយកបានគ្រប់គ្នា។
ខ. អំពីគោលបំណង
ចូលរួមថែរក្សាការពារសន្តិភាពនិងការអភិវឌ្ឍន៍ឲ្យមានភាពរឹងមាំ និងរីកចំរើនជានិរន្តរ៍។ ជាពិសេសលើកស្ទួយនីតិរដ្ឋ និង អភិបាលកិច្ចល្អនៃសង្គមកម្ពុជា។
ចូលរួមលើកកម្ពស់ការអភិវឌ្ឍន៍ធនធានមនុស្សនិងអ្នកសារព័ត៌មានឲ្យមានសមត្ថភាព ទេពកោសល្យ និង សិលធ៌មវិជ្ជាជីវ: ក្នុងការចូលរួមកសាងសង្គមជាតិប្រកបដោយមិត្តភាព ភាតរភាព កិច្ចសហប្រតិបត្តិការល្អ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាដៃគូរក្នុងប្រទេស និង អន្តរជាតិព្រមទាំងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។
គ. កិច្ចសហប្រតិបត្តិការ
នៅក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ សមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាពនិងអភិវឌ្ឍន៍ បានធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយសាកលវិទ្យាល័យពោធិសាស្ត្រាផ្ល័រីដាសហរដ្ឋអាមេរិកក្នុងគោលបំណងរួមផ្សព្វផ្សាយព័ត៌មានអប់រំ និង អភិវឌ្ឍន៍ធនធានមនុស្ស នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងមកនេះ។ ក្នុងកិច្ចសហប្រតិបត្តិការរវាងសមាគមសហព័ន្ធអ្នកសារព័ត៌មាន និង សាកលវិទ្យាល័យពោធិសាស្ត្រាឈានដល់ការសិក្សា ស្រាវជ្រាវ វាយតម្លៃសកម្មភាព ស្នារដៃ និង គុណសម្បត្តិឆ្នើមជាជ័យលាភីបណ្ឌិតផ្នែកសេដ្ឋកិច្ច សង្គម អបរំ វប្បធម៌ និងអក្សរសាស្ត្រ។
លោកសាស្ត្រាចារ្យបណ្ឌិត ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោកយាយលោកតា លោក លោកស្រី និង អង្គពិធីទាំងមូល!
ឆ្លៀតក្នុងឱកាសដ៍ថ្លៃថ្លានេះ ខ្ញុំក្នុងនាមប្រធានសមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាពនិងអភិវឌ្ឍន៍ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកសាស្ត្រាចារ្យបណ្ឌិត Sak Prasandee ជាអធិការបតីសាកលវិទ្យាល័យ រួមទាំងក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្ត្រសាកលវិទ្យាល័យ បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសទស្សនវិជ្ជាជូនឥស្សរជនឆ្នើមដល់ជ័យលាភីបណ្ឌិតពីររូប គឺឯកឧត្ដមអ្នកឧកញ៉ា ឡាញ់ ភារ៉ា និង លោកគ្រូ ទូច គីមស្រ៊ាង ជាបុគ្គលឆ្នើមគំរូ ដើម្បីជាកិត្តយសដ៏ខ្ពង់ខ្ពស់ និង បង្ហាញនូវការកោតសរសើរចំពោះបុគ្គលមានសមត្ថភាព មានទស្សនៈទូលំទូលាយ គតិបណ្ឌិត គុណធម៌ខ្ពង់ខ្ពស់ និង ដើម្បីជាគំរូដ៏ប្រពៃដល់ ប្រជាជនកម្ពុជាទាំងអស់ឱ្យមានស្មារតី និង ឆន្ទៈស្នេហាជាតិមាតុភូមិ។
ជាទីបញ្ចប់ ខ្ញុំសូមប្រសិទ្ធពរជ័យ បវរសួស្តីជូនឯកឧត្តម លោកជំទាវ សាស្ត្រាចារ្យបណ្ឌិត អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និង អ្នកនាងកញ្ញាប្រកបដោយសុខភាពល្អបរិបូរណ៍ សុភមង្គលក្នុងគ្រួសារ និង ទទួលបានជោគជ័យ គ្រប់ភារ:កិច្ចការ។
សូមអរគុណ





