គីម ជុងអ៊ុន ប្រកាសប្ដូរផ្ដាច់ជាមួយរុស្ស៊ី ប្រឆាំងអ៊ុយក្រែន   

ទីភ្នាក់ងារសារព័ត៌មានកូរ៉េកណ្តាល (KCNA) បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្ដេជ្ញាចំពោះមុខលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergey Shoigu ថា ទីក្រុងព្យុងយ៉ាង នឹងបន្តគាំទ្រទីក្រុងមូស្គូ ក្នុងកិច្ចការអន្តរជាតិ រួមទាំងស្ថានការណ៍នៅអ៊ុយក្រែនផងដែរ។

KCNA បានបន្ថែនថា លោក គីម ជុងអ៊ុន បញ្ជាក់ថា នាពេលខាងមុខ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នឹងគាំទ្រដោយឥតលក្ខខណ្ឌចំពោះជំហររបស់រុស្ស៊ី និងគោលនយោបាយការបរទេសក្នុងគ្រប់បញ្ហានយោបាយអន្តរជាតិសំខាន់ៗ រួមទាំងបញ្ហាអ៊ុយក្រែន និងគោរពតាមមាត្រានៃសន្ធិសញ្ញារវាងកូរ៉េខាងជើង និងរុស្ស៊ី។

លោក គីម បានបន្ថែមថា លោក ជឿជាក់ថារុស្ស៊ី នឹងឈ្នះក្នុងបុព្វហេតុដ៏ពិសិដ្ឋនៃយុត្តិធម៌សម្រាប់ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងផលប្រយោជន៍សន្តិសុខ ជូនពរក្រុងមូស្គូ ទទួលជ័យជំនះជារៀងរហូត ភាពរុងរឿង និងសុភមង្គល។

យោង​តាម​ទីភ្នាក់ងារ​ KCNA កិច្ច​ប្រជុំ​នេះ ត្រូវ​​ធ្វើ​ឡើង​ក្នុង​បរិយាកាស​មិត្តភាព​នៃ​ការ​ទុក​ចិត្ត ភាគីទាំង ២ បានពិភាក្សាអំពីស្ថានភាពជុំវិញអ៊ុយក្រែន និងរបៀបវារៈអន្តរជាតិ ហើយការ​ពិភាក្សា​បញ្ជាក់​ពី​ការ​ឯកភាព​នៃ​ជំហរ​របស់​ភាគី​ទាំង​ពីរ។

លោក Shoigu ក៏បានបង្ហាញពីការដឹងគុណពិសេសរបស់ថ្នាក់ដឹកនាំរុស្ស៊ីចំពោះវីរភាពដែលមិនអាចប្រៀបផ្ទឹមបាន និងស្មារតីលះបង់ខ្លួនឯងរបស់កូនប្រុសដ៏ឆ្នើមរបស់ប្រជាជនកូរ៉េ ដែលបានចូលរួមក្នុងប្រតិបត្តិការរំដោះតំបន់ Kursk និងការពារផ្នែកដ៏មានតម្លៃនៃទឹកដីរុស្ស៊ីជាមាតុភូមិរបស់ពួកគេ ដោយប្រយុទ្ធស្មាគ្នាជាមួយទាហានរុស្ស៊ីនៅក្នុងលេណដ្ឋានតែមួយ ផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment