តាកែវ៖ អភិបាលខេត្តតាកែវនៅព្រឹកថ្ងៃ ច័ន្ទ ទី ២ ខែ មិថុនា ឆ្នាំ ២០២៥នេះ បានរៀបចំតម្លើងឧបករណ៍ហាត់ប្រាណនៅសួនច្បារមាត់បឹងតាកែវបន្ថែមពីការតម្លើងឧបករណ៍ក្មេងលេង«Playground»ដែលអាជ្ញាធខេត្តទើបតែតម្លើងកាលពីពេលថ្មីៗកន្លងមកនេះ។

មន្រ្តីសាលាខេត្តតាកែវបានអោយដឹងថា លោកវ វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំដល់មន្រ្តីសាលាខេត្តឲ្យរៀបចំតម្លើងឧបករណ៍ហាត់ប្រាណនេះ បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋដែលតែងតែដើរហាត់ប្រាណនៅមាត់បឹងតាកែវ បានស្នើសុំដល់អាជ្ញាធខេត្តជួយដាក់ឧបករណ៍ហាត់ប្រាណនៅសួនច្បារមាត់បឹងតាកែវ ដើម្បីឲ្យពួកគាត់អាចហាត់ប្រាណដោយឧបករណ៍គ្រឿងម៉ាស៊ីនបន្ថែមពីការហាត់ប្រាណដោយដើរថ្មើជើង។

រំលឹកផងដែរថា ដើមី្បបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ឲ្យមកលេងកម្សាន្តនៅក្នុងខេត្តតាកែវកាន់តែច្រើនឡើង អាជ្ញាធរខេត្តតាកែវបានបន្តអភិវឌ្ឍន៍ ជួសជុល បំពាក់ភ្លើងលម្អតាមផ្លូវក្នុងក្រុងដូនកែវ កែលម្អសួនច្បារ និងបន្តធ្វើការពង្រីកនូវទីធ្លាកម្សាន្តសម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកធ្វើការលំហែកាយ ធ្វើលំហាត់ប្រាណ ហើយកន្លងមកថ្មីនេះអាជ្ញាធខេត្តទើបតែបានបំពាក់ ឧបករណ៍សម្រាប់ ក្មេងលេងនៅសួនច្បារមាត់បឹងតាកែវ ដែលវានឹងធ្វើឲ្យសួនច្បារមាត់បឹងតាកែវកាន់តែស្រស់បំព្រងទ្វេឡើងមួយកម្រិតទៀត៕តាកែវ

