ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ស្វែងយល់ពីសក្ដានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មរថយន្ត

ក្នុង ដំណើរទស្សនកិច្ចនៅ ខេត្តពោធិ៍សាត់កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ លោកបណ្ឌិត សាន់តូ ដារម៉ូស៊ូម៉ារតូ( Santo Darmosumarto ) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនារោងចក្រ ដំឡើងរថយន្ត RMA Automotive Cambodia (RMAAC) នៅក្រគរ ខេត្តពោធិ៍សាត់។

លោកឯកអគ្គរដ្ឋទូត សាន់ទូ បានមានប្រសាសន៍ថា “សម្រាប់ខ្ញុំ ដំណើរទស្សនកិច្ចនេះគឺមានសារៈ សំខាន់ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ ពីការរីកចម្រើននៃឧស្សាហកម្មរថយន្ត នៅកម្ពុជា។

លោកបញ្ជាក់ថា RMAAC គឺជាផ្នែកមួយនៃក្រុមហ៊ុន RMA Group ដែលមានទីស្នាក់ការនៅប្រទេសថៃ។ រោងចក្រដំឡើងរថយន្តខេត្តពោធិ៍សាត់បានជួយក្រុមហ៊ុន Ford ក្លាយជាម៉ាករថយន្តលក់ដាច់បំផុតមួយនៅកម្ពុជា។

លោកបន្ថែមថា ក្រុមហ៊ុន RMA Group ក៏មានវត្តមាននៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ ក្នុងនាមជាអ្នកចែកចាយរថយន្ត Ford និងអ្នកផ្គត់ផ្គង់ គ្រឿងបន្លាស់សម្រាប់រថយន្តរុករករ៉ែ។ លោកឯកអគ្គរដ្ឋទូត Santo បានបង្ហាញក្តីសង្ឃឹមថា RMA Indonesia នឹងពង្រីក អាជីវកម្ម របស់ខ្លួន ស្របតាមការអភិវឌ្ឍន៍នៃឧស្សាហកម្មរថយន្តជាតិ និងរួមចំណែកដល់ការបង្កើតការងារនៅក្នុងប្រទេសឥណ្ឌូណេស៊ី។

ក្នុងដំណើរទស្សនកិច្ចនេះ លោកឯកអគ្គរដ្ឋទូតសាន់តូ បានចំណាយពេលជាមួយជនជាតិឥណ្ឌូនេស៊ី ដែលធ្វើការ នៅទីនោះគឺលោក Pramesti Yudantara RMAAC ដែលជាអ្នកគ្រប់គ្រងត្រួតពិនិត្យគុណភាព។ លោកបានសម្តែងក្តីសង្ឃឹមថា Pramesti នឹងធ្វើជា គំរូសម្រាប់ប្រជាជនឥណ្ឌូណេស៊ី ដែលកំពុងស្វែង រកការងារស្របច្បាប់ និងវិជ្ជាជីវៈ តាមរយៈនីតិវិធីជ្រើសរើសបុគ្គលិកដែលត្រឹមត្រូវ។

លោកឯកអគ្គរដ្ឋទូតបាន បន្ថែមទៀតថា មនុស្សដូចលោក Pramesti ពិតជាធ្វើការប្រកបដោយស្មារតីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរ របស់យើង។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តម្លៃនៃការនាំចេញរថយន្ត និងគ្រឿងបន្លាស់ឥណ្ឌូណេស៊ី មកកម្ពុជាលើសពី ៥០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤ ។ នេះមានន័យថា ផលិតផលរថយន្តគឺជា ទំនិញនាំចេញដ៏មានតម្លៃបំផុតរបស់ឥណ្ឌូណេស៊ីមកកម្ពុជា បន្ទាប់ពីក្រោយធ្យូងថ្ម និងថ្នាំជក់។ ក្នុងឆ្នាំ ២០២៤ តម្លៃពាណិជ្ជកម្មទ្វេភាគីបានឡើងដល់លើសពី ១ ពាន់លានដុល្លារសម្រាប់ឆ្នាំទី ២ ជាប់គ្នា។

ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីនៅខេត្តពោធិ៍សាត់ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងស្វែងរកឱកាសដើម្បីពង្រីកលទ្ធភាពចូលដំណើរការរបស់ឥណ្ឌូណេស៊ីក្នុងទីផ្សារកម្ពុជា។ នៅថ្ងៃទី ១៤-១៥ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ស្ថានទូតឥណ្ឌូណេស៊ីនឹងរៀបចំ ការតាំងពិពណ៌ទោល Sousdey Indonesia នៅកោះពេជ្រ រាជធានីភ្នំពេញផងដែរ។ ព្រឹត្តិការណ៍នេះនឹងបង្ហាញផលិតផលឥណ្ឌូណេស៊ី ជាច្រើនប្រភេទ គោលដៅទេសចរណ៍ និងឱកាសសិក្សាអប់រំដល់សាធារណជនកម្ពុជាផងដែរ។៕

Written by 

Related posts

Leave a Comment