បទវិភាគ៖កិច្ចសហប្រតិបតិ្តការត្រីភាគីមានសក្តានុពលខ្លាំងនិងមានអនាគតគួរឱ្យរំពឹងទុក

“កិច្ចប្រជុំកំពូលរបស់ភាគីទាំងបីលើកនេះមិនធ្លាប់មាននៅកាលពីមុន” “បានបើកទំព័រថ្មីសម្រាប់កិច្ចប្រតិបតិ្តការត្រីភាគី ”  “ជានិមិត្តសញ្ញាដ៏សំខាន់នៃកិច្ចសហប្រតិបតិ្តការក្នុងតំបន់”  “បានត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការដែលលើសពីសម្ព័ន្ធភូមិសាស្ត្រនយោបាយប្រពៃណី” ។ល។  មជ្ឈដ្ឋានមតិអន្តរជាតិបានផ្តោតសំខាន់កម្រិតខ្ពស់ចំពោះកិច្ចប្រជុំកំពូលអាស៊ាន-ចិន-ក្រុមប្រឹក្សាសហប្រតិបតិ្តការឈូងសមុទ្រលើកដំបូងដែលបើកធ្វើនៅក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៧ខែឧសភា ។

បើមើលពីផែនទីរបស់ពិភពលោក អ្នកផងទាំងពួងអាចឃើញថា ទីតាំងរបស់ចិន អាស៊ាននិងរដ្ឋសមាជិកនៃក្រុមប្រឹក្សាសហប្រតិបតិ្តការឈូងសមុទ្រ បានបង្កើតជាត្រីកោណធំមួយ ។ ដូច្នេះហើយបានជា ប្រព័ន្ធសារព័ត៌មាននៃប្រទេសម៉ាឡេស៊ីហៅកិច្ចសហប្រតិបតិ្តការថ្មីរបស់ត្រីភាគីថាជា “ត្រីកោណមាស” ។ ក្នុងកិច្ចប្រជុំកំពូលលើកនេះ ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមអំពីការបំពេញបន្ថែមជាបន្តបន្ទាប់នូវខ្លឹមសារនៃកិច្ចសហប្រតិបតិ្តការត្រីភាគី និងខិតខំប្រឹងប្រែងបង្កបង្កើតជាគំរូនៃការអភិវឌ្ឍកិច្ចសហប្រតិបតិ្តការសកលក្នុងយុគសម័យនេះ ព្រមទាំងបានលើកឡើងផែនការសហប្រតិបតិ្តការលើវិស័យសំខាន់ៗ ។ សេចក្តីថ្លែងការណ៍រួមដែលកិច្ចប្រជុំកំពូលបានចេញផ្សាយ បានរួមបញ្ចូលផែនការពាក់ព័ន្ធ ដោយបានលើកឡើងនូវវិធានការសហប្រតិបតិ្តការមួយចំនួនលើកវិស័យធ្វើសមាហរណកម្មសេដ្ឋកិច្ច ការតភ្ជាប់គ្នា សន្តិសុខនិងនិរន្តរភាពខាងថាមពល  ការធ្វើបរិវត្តកម្មនិងការច្នៃប្រឌិតថ្មីខាងឌីជីថល ស្បៀងអាហារនិងកសិកម្មជាដើម ។

បើសង្កេតមើលស្ថានការណ៍អន្តរជាតិបច្ចុប្បន្ននេះ នោះក៏កាន់តែអាចយល់ដឹងពីតម្រូវការជាក់ស្តែងនិងអត្ថន័យរបស់កិច្ចសហប្រតិបតិ្តការត្រីភាគីដែរ ។ នៅថ្ងៃទី ២៧ ខែឧសភា ទីភ្នាក់ងារសារព័ត៌មាន AFPរបស់ប្រទេសបារាំងបានលើកឡើងថា ឆ្នាំនេះ អាមេរិកបានប្រកាសពីវិធានការពន្ធគយមួយចំនួនដែលសំដៅចំពោះបណ្តាប្រទេសនានាលើពិភលោក ដែលបានបំផ្លាញដល់ក្បួនច្បាប់ពាណិជ្ជកម្មសកល ទង្វើនេះបានជំរុញឱ្យប្រទេសអាស៊ាននិងប្រទេសផ្សេងទៀតពន្លឿនការជំរុញការធ្វើពិពិធកម្មបណ្តាញពាណិជ្ជកម្ម ។ ប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជាភាពស្មុគស្មាញនិងភាពរង្គោះរង្គើនៃស្ថានការណ៍ពិភពលោក និងកំណើនសេដ្ឋកិច្ចសកលមានភាពទន់ខ្សោយជាដើម ចិន អាស៊ាននិងក្រុមប្រឹក្សាសហប្រតិបតិ្តការឈូងសមុទ្រពួតដៃគ្នា ដើម្បីបង្កើតរង្វង់សេដ្ឋកិច្ចនិងចំណុចកំណើនដែលពោរពេញទៅដោយភាពរស់រវើក វាមិនត្រឹមតែមានអំណោយផលដល់វិបុលភាពនៃសេដ្ឋកិច្ចរៀងៗខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏អាចជំរុញសន្តិភាពនិងវឌ្ឍនភាពរបស់អាស៊ីក៏ដូចជាពិភពលោកផងដែរ ។ ដូច្នេះ កិច្ចសហប្រតិបតិ្តការត្រីភាគីនឹងមានប្រសិទ្ធភាព”១+១+១ធំជាង៣” ។

ក្រៅពីនេះ កិច្ចសហប្រតិបតិ្តការត្រីភាគីក៏នឹងបំពេញបន្ថែមកម្លាំងចលករដល់សេដ្ឋកិច្ចតំបន់និងសកល ហើយនឹងគាំពារសមភាពនិងយុត្តិធម៌សកលយ៉ាងខ្លាំងផងដែរ ។ ទិន្ន័យបានបង្ហាញឱ្យដឹងថា ប្រទេសចិន អាស៊ាននិងក្រុមប្រឹក្សាសហប្រតិបតិ្តការឈូងសមុទ្រមានទំហំសេដ្ឋកិច្ចសរុបចំនួន២៤,៨៧ទ្រីលានដុល្លារអាមេរិក មានចំនួនប្រជាជនសរុប២១៥០លាននាក់ ដែលសុទ្ធតែត្រូវជា១ភាគ៤នៃពិភពលោកទាំងមូល ។ ការតភ្ជាប់គ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់រវាងសេដ្ឋកិច្ចភាគីទាំងបីមុខជានឹងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់និងសកលជាមិនខាន ។

ពីផ្លូវសូត្រដ៏ចំណាស់ ដល់ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការរវាងចិន អាស៊ាននិងរដ្ឋសមាជិកនៃក្រុមប្រឹក្សាសហប្រតិបតិ្តការឈូងសមុទ្របានឆ្លងកាត់សហស្សវត្សរ៍ ។ បច្ចុប្បន្ននេះ ការបង្កើតយន្តការសហប្រតិបតិ្តការត្រីភាគីបានបំពេញបន្ថែមកម្លាំងចលករថ្មីដល់ការអភិវឌ្ឍរួម ។ កិច្ចសហប្រតិបតិ្តការត្រីភាគីមានសក្តានុពលខ្លាំងនិងមានអនាគតគួរឱ្យរំពឹងទុក ៕

Written by 

Related posts

Leave a Comment