ហ្វូងមនុស្សស្រេកឃ្លាន នាំគ្នាសម្រុកចូលឃ្លាំងស្តុកស្បៀងនៅហ្គាហ្សា ជាន់គ្នាស្លាប់ និងរបួសច្រើននាក់

ភ្នាក់ងារកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ រាយការណ៍ថា ហ្វូងមនុស្សស្រេកឃ្លានជាច្រើន បាននាំគ្នាបុកចូលទៅក្នុងឃ្លាំងផ្គត់ផ្គង់អាហារមួយនៅកណ្តាលហ្គាហ្សា។

ភ្នាក់ងារ បន្ថែមថា មនុស្ស ២ នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងឧបទ្ទវហេតុនេះ។

រូបភាពវីដេអូពីទីភ្នាក់ងារព័ត៌មាន AFP បានបង្ហាញឲ្យឃើញ ហ្វូងមនុស្សយ៉ាងច្រើន បានទម្លុះចូលឃ្លាំង Al-Ghafari ក្នុងទីក្រុង Deir Al-Balah ដោយយកថង់ម្សៅ និងប្រអប់អាហារ ខណក៏មានលឺស្នូរគ្រាប់កាំភ្លើងផ្ទុះ ផងដែរ តែមិន​ទាន់​ដឹង​ច្បាស់​ថា​មក​ពី​ណា​នោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការ WFP បានបញ្ជាក់ថា តម្រូវការមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា គឺចាំបាច់ខ្លាំងណាស់ បន្ទាប់ពីការបិទផ្លូវរបស់អ៊ីស្រាអែល ជិត ៣ ខែមកនេះ ។

ទន្ទឹមនោះ WFP ដដែល អះអាងថា ហ្គាហ្សា ពេលនេះ គឺត្រូវការជំនួយផ្នែកស្បៀងអាហារជាបន្ទាន់។ នេះជាមធ្យោបាយតែមួយគត់ដើម្បីធានាប្រជាជនថាពួកគេនឹងមិនអត់ឃ្លាន ដាច់ពោះស្លាប់។

ទោះជាយ៉ាងណា WFP បានព្រមានជាប់លាប់អំពីស្ថានភាពប្រកាសអាសន្ន និងកាន់តែយ៉ាប់យ៉ឺននៅលើដី រួមទាំងហានិភ័យកាន់តែធណ សម្រាប់ប្រជាជនស្រេកឃ្លានដែលត្រូវការជំនួយ។

យោងតាម អាជ្ញាធរអ៊ីស្រាអែល បានបញ្ជាក់ កាលពីថ្ងៃពុធថា រថយន្តដឹកជំនួយចំនួន ១២១ គ្រឿងដែលជាកម្មសិទ្ធិរបស់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងតំបន់ហ្គាហ្សា។

គួរបញ្ជាក់ថា អ៊ីស្រាអែល​ បាន​ចាប់​ផ្តើម​អនុញ្ញាត​ឱ្យ​មាន​ការ​ផ្តល់​ជំនួយ​ក្នុង​ចំនួន​កំណត់​ចូល​ក្នុង​តំបន់​ហ្គាហ្សា​ កាល​ពី​សប្តាហ៍​មុន៕

ដោយ៖ ពេជ្រ                         

Written by 

Related posts

Leave a Comment