ក្រុងមូស្គូ និងគៀវ ចាប់ផ្តើមដោះដូរអ្នកទោស

រុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្តើមផ្លាស់ប្តូរអ្នកទោស ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរដ៏សំខាន់មួយ ដែលបានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុន។ យោងតាមក្រសួងការពារជាតិនៅទីក្រុងមូស្គូ ភាគីទាំងពីរបានបញ្ជូនទាហាន ២៧០ នាក់ និងជនស៊ីវិល ១២០ នាក់ទៅវិញទៅមកកាលពីថ្ងៃសុក្រ។ ក្រសួង​បាន​បន្ថែម​ថា ការ​ដោះដូរ​នេះ​នឹង​បន្ត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខទៀត។

យោងតាមក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា ទាហាន និងជនស៊ីវិលរុស្ស៊ីដែលត្រូវបានដោះលែងពីការជាប់ឃុំឃាំងរបស់អ៊ុយក្រែន បច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសបេឡារុស្ស ដែលជាសម្ព័ន្ធមិត្ត និងអ្នកជិតខាងដ៏ជិតស្និទ្ធរបស់រុស្ស៊ី។

យោធារុស្ស៊ីបាននិយាយថា អ្នកស្រុកនៅតំបន់ព្រំដែន Kursk របស់រុស្ស៊ីដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលការលុកលុយដែលបានចាប់ផ្តើមដោយកងទ័ពអ៊ុយក្រែនកាលពីឆ្នាំមុនក៏ស្ថិតក្នុងចំណោមអ្នកដែលបានប្រគល់មកវិញជាផ្នែកមួយនៃការផ្លាស់ប្តូរផងដែរ។

ចាប់តាំងពីពេលនោះមក កងកម្លាំងរបស់ Kiev នៅក្នុងតំបន់ Kursk ត្រូវបានបណ្តេញចេញទាំងស្រុងដោយទាហានរុស្ស៊ី ហើយតំបន់ដែលត្រូវបានរំដោះនាពេលថ្មីៗនេះ ត្រូវបានប្រធានាធិបតី Vladimir Putin មកទស្សនាកាលពីដើមសប្តាហ៍នេះ។

ទីក្រុងមូស្គូ និងគៀវបានយល់ព្រមលើការផ្លាស់ប្តូរអ្នកទោសប្រមាណ ១,០០០ សម្រាប់ភាគីម្ខាងៗ ក្នុងអំឡុងពេលកិច្ចពិភាក្សាដោយផ្ទាល់នៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីសប្តាហ៍មុន។  ការ​ចរចា​នេះ​ជា​ការ​ចរចា​លើក​ដំបូង​ចាប់​តាំង​ពី​អ៊ុយក្រែន​បាន​ដក​ខ្លួន​ជា​ឯកតោភាគី​ពី​កិច្ច​ចរចា​សន្តិភាព​ក្នុង​ឆ្នាំ ២០២២។

តាមបណ្តាញព័ត៌មាន Mash Telegram បានគណនាថា រុស្ស៊ីនឹងទទួលមកវិញនូវទាហានស្ទើរតែទាំងអស់ដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំង Kiev ក្នុងរយៈពេលបីឆ្នាំនៃជម្លោះ ព្រោះថាតាមដឹងចំនួន POWs សរុបរបស់រុស្ស៊ីមានប្រហែល ១,៣០០ ប៉ុណ្ណោះ ខណដែលអ្នកទោសអ៊ុយក្រែនត្រូវបានកំណត់ដើម្បីដោះដូរយកមកវិញនោះមានប្រហែលតែមួយភាគដប់ប៉ុណ្ណោះនៃទាហានអ៊ុយក្រែបដែលត្រូវបានចាប់ខ្លួនដោយរុស្ស៊ី។

ការអភិវឌ្ឍន៍នៃការដោះដូរនេះត្រូវបានស្វាគមន៍ដោយប្រធានាធិបតីអាមេរិក Donald Trump ដែលបានជំរុញឱ្យមានកិច្ចចរចាសន្តិភាពដោយផ្ទាល់រវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជម្លោះរបស់គាត់។ លោក Trump បានសរសេរនៅលើ Truth Social ថា “ការដោះដូរអ្នកទោសធំមួយទើបតែត្រូវបានបញ្ចប់រវាងរុស្ស៊ី និងអ៊ុយក្រែន។ វានឹងចូលជាធរមានក្នុងពេលឆាប់ៗនេះ។ សូមអបអរសាទរចំពោះភាគីទាំងពីរចំពោះការចរចានេះ”៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment