រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីទ្បា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី កាលពីម្សិលមិញ បានដឹកនាំកិច្ចប្រជុំស្ដីពី ការជ្រើសរើសនិងការគ្រប់គ្រងគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ។

មុននឹងឈានដល់កិច្ចពិភាក្សា ឯកឧត្តមបណ្ឌិតសភាចារ្យ បានរម្លឹកឡើងវិញអំពីអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងកាលពីបិទសន្និបាតអប់រំឆ្នាំសិក្សា២០២៣ ២០២៤ ពាក់ព័ន្ធនឹងការជ្រើសរើសគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅ។ តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ ក្រសួងអប់រំ យុវជននិងកីឡា បាននិងកំពុងសហការជាមួយក្រសួងមុខងារសាធារណៈរៀបចំជាគោលការណ៍ នីតិវិធីក្នុងការជ្រើសរើសគ្រូបង្រៀនជាប់កិច្ចសន្យា ដើម្បីធានាបាននូវការផ្ដល់ការអប់រំប្រកបដោយ គុណភាព សមធម៌ និងបរិយាបន្ន។

បន្ទាប់ពីស្ដាប់របាយការណ៍ស្ដីពី ការប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅ និងការពិភាក្សាផ្លាស់ប្ដូរយោបល់ លើវឌ្ឍនភាពនៃការងារជ្រើសរើសនិងការគ្រប់គ្រងគ្រូបង្រៀនជាប់កិច្ចសន្យរួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្ដល់នូវអនុសាសន៍បន្ថែមដល់ក្រុមការងារ ដូចជា៖
– ចំពោះរយៈពេលវែង ១០ឆ្នាំខាងមុខគ្រូបង្រៀនជាប់កិច្ចសន្យាត្រូវមានកម្រិតបណ្ដុះបណ្ដាលបរិញ្ញាបត្រ ដោយប្រើរូបមន្ត ១២+៤ ឬបរិញ្ញាបត្រ+១ ជាការបណ្ដុះបណ្ដាលឱ្យមានអាជ្ញាបណ្ណ
– ការបណ្ដុះបណ្ដាលត្រូវផ្ដោតទៅលើវិធីសាស្ត្របង្រៀន ការគ្រប់គ្រងថ្នាក់រៀន និងចិត្តគរុកោសល្យ ទាំងគ្រូបង្រៀនកិច្ចសន្យាក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ
– រៀបចំជាគោលការណ៍ក្នុងការជ្រើសរើសគ្រូបង្រៀនកិច្ចសន្យាទៅតាមកម្រិតសញ្ញាបត្រ ការវាយតម្លៃ និងគុណវុឌ្ឍិ ដោយរៀបជាស្ដង់ដារួមមួយ
– ការរៀបចំឱ្យប្រឡងដោយផ្ដោតលើអំណានដំបូង គណិតដំបូង ការគ្រប់គ្រងថ្នាក់រៀន និងចិត្តគរុកោសល្យ
– រៀបចំបណ្ដុះបណ្ដាលទាំងផ្ទាល់និងអនឡាញ ដោយផ្ដល់ជាក្រេឌីត ដើម្បីបំពេញគុណវុឌ្ឍិឈានទៅបរិញ្ញាបត្រ
– រៀបចំជាគោលការណ៍និងគោលនយោបាយដោយមានភាពទន់ភ្លន់ ក្នុងការជ្រើសរើសអ្នកមានសមត្ថភាព ដោយឆ្លងកាត់ការប្រឡង និងត្រូវមានការបណ្ដុះបណ្ដាលណាមួយឬត្រូវមានយន្តការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ។
– នាពេលអនាគត ក្រសួងអប់រំ យុវជន និងកីឡាមានចក្ខុវិស័យ បន្តពង្រឹងគុណវុឌ្ឍិគ្រូជាប់កិច្ចសន្យាសម្រាប់គ្រូមត្តេយ្យសិក្សាត្រូវមានកម្រិតយ៉ាងតិច១២+២ ឬបរិញ្ញាបត្រ+១ រីឯគ្រូបឋមសិក្សាត្រូវមានកម្រិតយ៉ាងតិច ១២+៤ ឬបរិញ្ញាបត្រ+១ ចំណែកគ្រូបឋមភូមិ ត្រូវមានកម្រិតយ៉ាងតិច១២+៤ ឬបរិញ្ញាបត្រ+១ និងគ្រូទុតិយភូមិត្រូវមានកម្រិតបរិញ្ញាបត្រ+២៕


