ប្រទេសអ៊ីស្រាអែល កំពុងរៀបចំវាយប្រហារយ៉ាងឆាប់រហ័សលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ប្រសិនបើកិច្ចពិភាក្សារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ស្ដីពីនុយក្លេអ៊ែររលំ។ នេះបើតាមគេហទំព័រ Axios បានរាយការណ៍ដោយដកស្រង់ប្រភព។

យោងតាមប្រភពដដែល បានឲ្យដឹងថា យោធាអ៊ីស្រាអែល ត្រៀមវាយប្រហារអ៊ីរ៉ង់ភ្លាមៗ ប្រសិនបើការចរចាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ទទួលបានលទ្ធផលបរាជ័យ។
ទន្ទឹមនោះ ភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល ក៏បានពិភាក្សាគម្រោងវាយប្រហារនេះរួចហើយអាចធ្វើឡើងលើសពីម្ដង ដោយមមិនដឹងពេលណាបញ្ចប់នោះទេ។
ជាមួយគ្នានោះ ទូរទស្សន៍ CNN បានរាយការណ៍ ដោយដកស្រង់ប្រភពរដ្ឋបាលរបស់សហរដ្ឋអាមេរិកថា កងទ័ពអ៊ីស្រាអែល កំពុងរៀបចំការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ទោះបីជាមានការចរចាគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ កំពុងដំណើរការក៏ដោយ។ វាមិនច្បាស់ទេចំពោះប្រភពថាតើអាជ្ញាធរអ៊ីស្រាអែល បានធ្វើការសម្រេចចិត្តចុងក្រោយក្នុងការវាយប្រហាររួចហើយឬយ៉ាងណា។
ទោះជាយ៉ាងណា ទិន្នន័យស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ប្រកាសមិនគាំទ្រយ៉ាងដាច់ខាតនូវការរៀបចំផែនការរបស់រដ្ឋជ្វីហ្វនោះទេ។
គួរបញ្ជាក់ថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បានរងការរិះគន់ជាបន្តបន្ទាប់ពីអន្តរជាតិ ដោយសារឥទ្ធិពលរបស់វា ក៏ដូចជាហានិភ័យ សម្រាប់ពិភពលោកទាំងមូល ៕

ដោយ៖ ពេជ្រ