​ផឹកស្រវឹងញឹកញាប់វាយប្រពន្ធនិងត្បាល់បុកគ្រឿងហើយចាក់ទឹកក្តៅកំពុងពុះមកលើខ្លួនប្រពន្ធបណ្តាលឲ្យរលាកពេញដងខ្លួន

ខេត្តរតនគិរី÷ លោក ឆិញ រដ្ឋា ចៅសង្កាត់បឹងកន្សែង បានឲ្យដឹងនៅល្ងាចថ្ងៃទី១៩ឧសភានេះ ថា បុរសជនជាតិកាចក់ម្នាក់ត្រូវបាននគរបាលឃាត់ខ្លួននៅស្រុកអូរជុំ ក្រោយពីអន្តរាគមន៍ពីលោកស្រី កែវ ដាវី ស្នងការរងនគរបាលខេត្ត ទទួលផែនការងារ ការពារអនិកជននិងយិនឌ័រ បន្ទាប់ពីបុរសរូបនេះបានធ្វើសកម្មភាពចាក់ទឹកក្តៅមកលើប្រពន្ធរលាកពេញរាងកាយ។

លោក ឆិញ រដ្ឋា បានបញ្ជាក់ថា បុរសជាប្តីសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ រចំ ខៀន អាយុ៣២ឆ្នាំ ជនជាតិកាចក់ មុខរបរកសិករ។ ហើយជនរងគ្រោះជាប្រពន្ធត្រូវបានប្ដីចាក់ទឹកក្តៅបណ្ដាលឲ្យរលាកពេញដងខ្លួននោះ ត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានដឹកបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង១និង០០នាទីយប់រំលងអធ្រាត្រ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ អ្នកទាំង២ រស់ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។ជនរងគ្រោះជាប្រពន្ធឈ្មោះ ពិន វាល អាយុ៣៣ឆ្នាំ ជនជាតិព្រៅ បានដាក់ពាក្យប្តឹងមកសមត្ថកិច្ចថា នៅវេលាម៉ោងកើតហេតុខាងលើ ប្តីរបស់នាងមកពីផឹកស៉ីស្រវឹងនៅផ្ទះអ្នកជិតខាង ពេលមកដល់ផ្ទះវិញ គាត់ក៏បានយកត្បាល់សម្រាប់ទុកបុកគ្រឿង យកមកវាយក្បាលនាងពីក្រោយ ធ្វើឲ្យនាងខ្ញុំដួល រួចប្តីនាងខ្ញុំក៏បានលើកឆ្នាំងដែលកំពុងដាំទឹកក្តៅពុះធ្វើជាស្លរហូប មកចាក់ពីលើរាងកាយរបស់នាងតែម្តង។

រហូតមកដល់វេលាម៉ោង៦និង២០នាទី ប្តីនាងខ្ញុំក៏បានគំរាមកំហែងថានិងចាក់សម្លាប់នាងឯងចោល ខណៈនោះនាងក៏ភ័យ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ទើបនាងខ្ញុំសម្រេចចិត្តមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកន្សែងតែម្តង។ហើយប្តីរបស់នាងធ្លាប់បានធ្វើសកម្មភាពប្រើអំពើហិង្សាមកលើនាងជាលើកទី២មកហើយ។

បច្ចុប្បន្ន បុរសរូបនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការក្រុងបានលុងដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕

Written by 

Related posts

Leave a Comment