មន្ត្រីអាមេរិកម្នាក់ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងមិនធ្វើដំណើរទៅប្រទេសទួរគី ដើម្បីចូលរួមកិច្ចចរចារុស្ស៊ី-អ៊ុយក្រែន នោះទេ។

មន្ត្រីរូបនេះ បាននិយាយ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសសមាសភាពគណៈប្រតិភូរុស្ស៊ី ត្រៀមសម្រាប់កិច្ចពិភាក្សានេះ ។
លោក Trump បានច្រានចោលថា លោក នឹងទៅប្រទេសតួកគីនៅថ្ងៃទី ១៥ ខែឧសភា ដើម្បីចូលរួមក្នុងកិច្ចចរចាស្តីពីការដោះស្រាយបញ្ហាអ៊ុយក្រែន។
គណៈប្រតិភូរុស្ស៊ី នឹងដឹកនាំដោយមន្ត្រីវិមានក្រឹមឡាំង លោក Vladimir Medinsky ដោយរួមមានអនុរដ្ឋមន្ត្រីការបរទេស លោក Mikhail Galuzin ប្រធាននាយកដ្ឋានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី លោក Igor Kostyukov និងអនុរដ្ឋមន្ត្រីការពារជាតិលោក Alexander Fomin ។
កាលពីថ្ងៃទី ១១ ខែឧសភា លោកពូទីន បានអំពាវនាវឱ្យអាជ្ញាធរក្រុងគៀវ បន្តកិច្ចចរចាផ្ទាល់ដែលពួកគេផ្អាក នៅឆ្នាំ ២០២២ ដោយគ្មានលក្ខខណ្ឌជាមុន។ លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានប្រកាសពីគម្រោងធ្វើដំណើរទៅកាន់ប្រទេសទួរគី នៅថ្ងៃព្រហស្បតិ៍នេះ។
សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump ជំរុញឱ្យអ៊ុយក្រែន ទទួលយកភ្លាមៗនូវការផ្តល់ជូនរបស់លោកពូទីន សម្រាប់កិច្ចពិភាក្សា។
ទោះជាយ៉ាងណា មន្ត្រីសេតវិមាន បាននិយាយ កាលពីថ្ងៃទី ១៣ ខែឧសភា ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងបេសកជនពិសេសប្រធានាធិបតីលោក Steve Witkoff រួមទាំងបេសកជនពិសេសសម្រាប់អ៊ុយក្រែន លោក Keith Kellogg នឹងធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល ផងដែរ៕

ដោយ៖ ពេជ្រ