ដំណើរទស្សនកិច្ចមន្ទីរពិសោធន៍ប្រើបញ្ញាកុំព្យូទ័រដើម្បីបេតិកភណ្ឌវប្បធម៌ (INTELLIGENT COMPUTING LABORATORY FOR CULTURAL HERITAGE) នៅសាកលវិទ្យាល័យវ៉ូហាន សាធារណរដ្ឋប្រជាមានិតចិន

សាធារណរដ្ឋប្រជាមានិតចិន៖ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចមន្ទីរពិសោធន៍ប្រើបញ្ញាកុំព្យូទ័រដើម្បីបេតិកភណ្ឌវប្បធម៌ (INTELLIGENT COMPUTING LABORATORY FOR CULTURAL HERITAGE) នៅសាកលវិទ្យាល័យវ៉ូហាន សាធារណរដ្ឋប្រជាមានិតចិន។

មន្ទីរពិសោធន៍ Intelligent Computing Laboratory For Cultural Heritage ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើបៗដូចជា បញ្ញាសិប្បនិមិ្មត ទិន្នន័យធំ និងការគណនាលើពពក ក្នុងការបង្កើតវិធីសាស្រ្តស្រាវជ្រាវទំនើបដើម្បីអភិរក្ស និងស្វែងយល់ពីសម្បត្តិបេតិកភណ្ឌវប្បធម៌ដូចជា ទីតាំងបុរាណ វត្ថុបុរាណ និងអត្ថបទបុរាណ។ មន្ទីរពិសោធន៍មិនត្រឹមតែរួមចំណែកការពារ និងលើកកម្ពស់វប្បធម៌ប្រពៃណីរបស់ចិនប៉ុណ្ណោះទេ ថែមទាំងពង្រឹងទិដ្ឋភាពស្រាវជ្រាវផ្នែកមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម គំនិតដើម និងគំនិតច្នៃប្រឌិត ព្រមទាំងផ្តល់នូវប្លង់មេសម្រាប់អភិវឌ្ឍបេតិកភណ្ឌវប្បធម៌ចិនប្រកបដោយភាពច្នៃប្រឌិត និងបរិវត្តកម្ម។

មន្ទីរពិសោធន៍នេះ បាននឹងកំពុងមានកិច្ចសហការជាមួយនឹងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា លើការស្រាវជ្រាវ ការផ្លាស់ប្តូរបទពិសោធ និងទស្សនកិច្ចសិក្សា។ ជាទិសដៅទៅមុខ មន្ទីរពិសោធន៍នឹងពង្រីកកិច្ចសហការបន្ថែមទៀតលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌កម្ពុជា៕

Written by 

Related posts

Leave a Comment