យោធាឥណ្ឌា បានផ្ញើសារ hotline ទៅកាន់ប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ អំពីការរំលោភលើបទឈប់បាញ់ដែលព្រមព្រៀងគ្នាក្នុងសប្តាហ៍នេះ ហើយជូនដំណឹងអំពីចេតនារបស់ទីក្រុងញូវដេលី ក្នុងការឆ្លើយតប ប្រសិនបើកើតឡើងម្ដងទៀត។

អគ្គនាយកប្រតិបត្តិការយោធាឥណ្ឌា (DGMO) បានឲ្យដឹងបែបនេះ ខណដែលអ្នកនាំពាក្យយោធាប៉ាគីស្ថាន បដិសេធការរំលោភលើបទឈប់បាញ់ណាមួយលើក្រុងដេលី។
ទន្ទឹមនោញ អ្នកនាំពាក្យយោធាប៉ាគីស្ថាន បានឆ្លើយតប ក្នុងអំឡុងពេលសន្និសីទកាសែតជាមួយតំណាងមកពីកងទ័ពអាកាស និងកងទ័ពជើងទឹករបស់ប្រទេសប៉ាគីស្ថានថា គ្មានការរំលោភបំពានណាមួយត្រូវបានធ្វើឡើងដោយកងទ័ពប៉ាគីស្ថាន ឬកងកម្លាំងប្រដាប់អាវុធនៃបទឈប់បាញ់នោះទេ។
បទឈប់បាញ់ដែល បានប្រកាសកាលពីថ្ងៃសៅរ៍ បន្ទាប់ពី ៤ ថ្ងៃនៃការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងប្រទេសទាំង ២ ដ៏អាក្រក់បំផុតក្នុងរយៈពេលជិត ៣ ទសវត្សរ៍ ដោយមានទាំងការបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកនៅទីតាំងយោធាទៅវិញទៅមក ដោយសម្លាប់មនុស្សជិត ៧០ នាក់។
គួរបញ្ជាក់ថា ការទូត និងសម្ពាធពីសហរដ្ឋអាមេរិក បានជួយធានាកិច្ចព្រមព្រៀងបទឈប់បាញ់ នៅពេលដែលជម្លោះកំពុងកើនឡើងគួរឲ្យព្រួយបារម្ភ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានម៉ោងនៃការចូលជាធរមាន ការបាញ់ប្រហារដោយកាំភ្លើងធំត្រូវបានគេឃើញនៅក្នុងតំបន់កាស្មៀរបស់ឥណ្ឌា ដែលជាចំណុចចាប់ផ្ដើមនៃការប្រយុទ្ធគ្នា កាលពីសប្តាហ៍មុន៕


ដោយ៖ ពេជ្រ