ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសព្រុយណេ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៧ (17th AMRI) និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងឋានៈកម្ពុជាជាអនុប្រធាននៃកិច្ចប្រជុំនៅប្រទេសព្រុយណេដារូស្សាឡាម ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។

ក្នុងនាមជាប្រធាននៃកិច្ចប្រជុំ ប្រទេសព្រុយណេបានរៀបចំសន្និសីទនេះឡើងក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយជំរុញការយល់ដឹងរួម៖ ការផ្លាស់ប្តូរតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការយល់ដឹងគ្នាទៅវិញទៅមកនៅក្នុងអាស៊ាន MAJU» ដែលសង្កត់ធ្ងន់ទៅលើតួនាទីវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ អត្តសញ្ញាណ និងការយោគយល់គ្នាទៅវិញទៅមក។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់រដ្ឋសមាជិកអាស៊ានទាំងអស់ ប្រទេសទីម័រខាងកើត ប្រទេសចិន ជប៉ុន សាធារណៈរដ្ឋកូរ៉េ និងលេខាធិការដ្ឋានអាស៊ាន។

នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ព្រះអង្គម្ចាស់ HAJI AL-MUHTADEE BILLAH IBNI HIS MAJESTY SULTAN HAJI HASSANAL BOLKIAH MU’IZZADDIN WADDAULAH ជាព្រះរជ្ជទាយាទ និងជាទេសរដ្ឋមន្ត្រីនៃទីស្តីការនាយករដ្ឋមន្ត្រីនៃប្រទេសព្រុយណេ បានមានបន្ទូលគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមប្រព័ន្ធផ្សព្វផ្សាយជាយុទ្ធសាស្ត្រក្នុងការលើកកម្ពស់មជ្ឈភាពអាស៊ាន។

គួរបញ្ជាក់ថា ប្រទេសកម្ពុជានឹងទទួលធ្វើជាប្រធានប្តូរវេននៃកិច្ចប្រជុំ AMRI លើកទី១៨ នៅឆ្នាំ២០២៧ខាងមុខ៕

Written by 

Related posts

Leave a Comment