គ្រូភ្នំពេញក្រោន បានបង្ហាញការតាំងចិត្តបែបនេះពេលជួបវិសាខា ជើងទី២ពានសម្តេច​តេជោ ល្ងាចនេះ

បន្ទាប់ពីខកចិត្តបានត្រឹម ២-២ ទល់វិសាខានៅទឹកដីស្មាត អរ អេស អិន កាលថ្ងៃទី៣០ ខែមេសា នៅជើងទី១ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គ្រូបង្គោលភ្នំពេញក្រោន លោក Oleg Starynskyi បានតាំងចិត្តពេលជួបគ្នាជើងទី២ថា ៖«យើងត្រូវតែគ្រប់គ្រងការប្រកួត រួមទាំងការសម្រេចចិត្តដ៏ល្អប្រសើរ ពេលបាល់នៅជាប់ជើងរបស់យើង»។

គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនបានរំលឹកបន្តថា ការប្រកួតជើងទី១ពិតជាតានតឹងណាស់ ហើយវិសាខាចាប់ផ្ដើមលេងខ្លាំងក្លាពីដំបូង និងបង្កើតឱកាសឱ្យមានគ្រាប់បាល់កើតឡើង។យ៉ាងណាក្ដីលោកបានបញ្ជាក់បែបនេះ ៖«វាពិតជារីករាយដែលយើងអាចតាមស្មើនៅវគ្គទី១។ ចំណែកវគ្គទី២ យើងចាប់ផ្ដើមគ្រប់គ្រងការប្រកួតបានល្អ និងគួរតែបញ្ចប់ទៅដោយគ្រាប់បាល់ជ័យជម្នះ ប៉ុន្តែ យើងបានរបូតគ្រាប់បាល់មួយគ្រាប់វិញដែលគ្រាប់បាល់នោះមិនបានផុតខ្សែបន្ទាត់១០០%។  អាជ្ញាកណ្ដាលលើទីលានបាននៅកៀកទីនោះ និងឱ្យលេងបាល់បន្ត ប៉ុន្តែ អាជ្ញាកណ្ដាលខ្សែបន្ទាត់ដែលនៅឆ្ងាយ និងអាចមើលឃើញពីកាមេរ៉ា នៅឆ្ងាយពីខ្សែបន្ទាត់បានលើកទង់ផ្ដល់គ្រាប់បាល់ទៅវិញ។ នោះគឺជាគ្រាប់បាល់ខ្មោច»។

ទន្ទឹមគ្នានោះដែរ គ្រូបង្វឹកដដែលបានឱ្យដឹងថា វិសាខា បានផ្លាស់ប្ដូរប្រព័ន្ធលេងមួយចំនួន ប៉ុន្តែមិនច្រើនទេ ជាពិសេសបើប្រៀបធៀបនឹងការជួបគ្នាចុងក្រោយនៅលីគកំពូល។បុរសវ័យ ៣៩ឆ្នាំបានបង្ហាញអំពីកីឡាករបន្តជាប់ក្នុងបញ្ជីរបួសរួមមាន យ៉ើ មូស្លីម, ប្រាក់ ធីវ៉ា, ជួន ចាន់ចាវ និងអ៊ន ចាន់ប៉ូលីន។ «យើងនឹងរៀបចំសម្រាប់ការប្រកួតនេះឱ្យមានការតាំងចិត្តល្អ និងផ្ដោតអារម្មណ៍ពេញទីដើម្បីឆ្ពោះទៅវគ្គផ្ដាច់ព្រ័ត្រ»។ លោកសង្កត់ធ្ងន់ដូច្នេះ។

ការប្រកួតជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា ពេលក្រុមជើងឯកពានសម្ដេចតេជោ ៣សម័យ វិសាខា ស្វាគមន៍ភ្នំពេញក្រោននៅ កីឡដ្ឋានព្រីនស៍ វិញម្ដង។ តើក្រុមណានឹងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ?៕ ដកស្រង់ពីផេក៖ Hun Sen Cup

Written by 

Related posts

Leave a Comment