«កីឡាកររបស់ខ្ញុំធ្វើបានល្អណាស់ ពួកគេបានបង្ហាញភាពអត់ធន់ និងមានវិន័យល្អពេលលេងទល់ភ្នំពេញក្រោន។ ពួកគេបានតាំងចិត្តខ្ពស់ចំពោះផែនការលេង បង្ហាញភាពក្លាហានដ៏អស្ចារ្យ និងការប្ដេជ្ញាចិត្តខ្ពស់សម្រាប់ការប្រកួតនោះ។ យ៉ាងណា យើងនឹងត្រូវពង្រឹងបន្ថែមនៅតំបន់ប្រយុទ្ធដើម្បីទទួលភ្នំពេញក្រោននៅជើងទី២»។ នេះជាការប្រាប់ឱ្យដឹងរបស់លោក Tunji Ayoyinka Akeeb គ្រូបង្គោលក្លិបបាល់ទាត់វិសាខា បន្ទាប់ពីប្រកួតស្មើ ២-២ នៅទឹកដីស្មាត អរ អេស អិន កាលថ្ងៃទី៣០ ខែមេសា នៅជើងទី១ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាលនេះ។
ការប្រកួតជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា ពេលក្រុមជើងឯកពានសម្ដេចតេជោ ៣សម័យ វិសាខា ស្វាគមន៍ ភ្នំពេញក្រោន នៅកីឡដ្ឋានព្រីនស៍វិញម្ដង។ គ្រូបង្គោលដដែលសង្កត់ធ្ងន់ថា ៖«យើងនឹងពិនិត្យមើលលើស្មារតីជាក្រុមឡើងវិញ និងការសាមគ្ដីគ្នាក្នុងក្រុម។ យើងទទួលស្គាល់ថាត្រូវសម្រួចយុទ្ធសាស្ត្រប្រយុទ្ធ និងធ្វើឱ្យប្រសើរឡើងចំពោះការបញ្ចប់ទីនៅជើងទី២នៃការលេងក្នុងដីរបស់យើង»។
គ្រូបង្វឹកដែលនាំវិសាខា លើកពានសម្ដេចឆ្នាំ២០២១រៀបរាប់ថា ការលេងនៅក្នុងដីរបស់ខ្លួនតែងតែផ្ដល់កម្លាំងចិត្តដល់ក្រុមឱ្យលេងបានល្អបំផុត មិនត្រឹមតែឱកាសស្វែងរកជ័យជម្នះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអ្នកគាំទ្ររបស់ក្លិបសប្បាយរីករាយ ហើយអ្នកគាំទ្រក៏នឹងជំរុញដល់ក្រុមឱ្យធ្វើការងារកាន់តែខ្លាំងឡើងៗ។ លើសពីនេះទៅទៀតគ្រូបង្គោលសញ្ជាតិនីហ្សេរីយ៉ា ក៏បានបញ្ចេញទស្សនៈចំពោះគូប្រជែងយ៉ាងដូច្នេះ ៖«ភ្នំពេញក្រោនគឺជាក្រុមមួយដ៏ខ្លាំងរួមជាមួយប្រព័ន្ធលេងដ៏រឹងមាំ ពួកគេធ្វើបានល្អណាស់ទល់នឹងពួកយើង ជាពិសេសនៅតង់ទី២ តែម្ដង។ ពួកគេលេងប្រយុទ្ធខ្លាំងក្លាដែលបង្កើតចំនួនលើសលើពួកយើងនៅតំបន់បម្រើ និងដាក់គំនាបខ្លាំងលើយើង ធ្វើឱ្យយើងពិបាកលេងរហូតទាល់តែកែប្រព័ន្ធលេងជាថ្មីសម្រាប់ក្រុម»។
ចំណែកគូវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២ រវាង ព្រះខ័នរាជស្វាយរៀង និង បឹងកេតត្រូវលើកទៅលេងនៅថ្ងៃទី១៤ ខែឧសភា ខាងមុខ។ តើក្រុមណានឹងឡើងវគ្គផ្ដាច់ព្រ័ត្រនៅឆ្នាំនេះ?៕ដកស្រង់ពីផេក៖ Hun Sen Cup
