វិមានក្រឹមឡាំងបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ បានប្រាប់សមភាគីអ៊ីរ៉ង់ លោក Masoud Pezeshkian ថា ទីក្រុងមូស្គូចង់បានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដោយយុត្តិធម៌ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខណដែលរុស្ស៊ីក៏បានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីជួយជំរុញកិច្ចពិភាក្សាលើបញ្ហានេះ។

វិមានក្រឹមឡាំងបានលើកទ្បើងបែបនេះ នៅក្នុងការអំពាវនាវរវាងមេដឹកនាំទាំងពីរលើបញ្ហាអាវុធនុយក្លេអ៊ែអ៊ីរ៉ង់។ ទន្ទឹមនោះវិមានក្រឹមទ្បាំងក៏បានបញ្ជាក់ថា ភាគីរុស្ស៊ីបានត្រៀមខ្លួនរួចហើយក្នុងការចូលរួមចំណែកដល់ការលើកកម្ពស់កិច្ចសន្ទនានេះជាមួយនឹងគោលដៅនៃការឈានដល់កិច្ចព្រមព្រៀងដោយយុត្តិធម៌ដោយផ្អែកលើគោលការណ៍នៃច្បាប់អន្តរជាតិ។
សូមជម្រាបថា ជុំចុងក្រោយនៃកិច្ចចរចារវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន ដែលដំបូងឡើយបានកំណត់នៅថ្ងៃទី ៣ ខែឧសភា ត្រូវបានពន្យារពេល ដោយអ្នកសម្របសម្រួលអូម៉ង់បានលើកឡើងពី ហេតុផលខាងភស្តុភារសម្រាប់ការពន្យារពេលនេះ។
ប្រទេសទាំងពីរបានរៀបចំជុំគ្នាចំនួន ៣ ចាប់តាំងពីថ្ងៃទី ១២ខែមេសា ដែលជាទំនាក់ទំនងកម្រិតខ្ពស់បំផុតរបស់ពួកគេចាប់តាំងពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងដ៏សំខាន់ជាមួយអ៊ីរ៉ង់ក្នុងឆ្នាំ ២០១៨ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Donald Trump ជាប្រធានាធិបតី។
រុស្ស៊ីបានពង្រឹងទំនាក់ទំនងយោធានិងការទូតជាមួយអ៊ីរ៉ង់កាន់តែស៊ីជម្រៅចាប់តាំងពីខ្លួនបានបើកការវាយលុកលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ប្រទេសទាំងពីរដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មដ៏ធំរបស់បស្ចិមប្រទេសបានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រកាលពីដើមឆ្នាំនេះ។ ថ្មីៗនេះ ទីក្រុងមូស្គូបានបញ្ជូនយន្តហោះពីរគ្រឿងទៅជួយពន្លត់ភ្លើង បន្ទាប់ពីមានការផ្ទុះដ៏ខ្លាំងក្លាមួយនៅក្នុងកំពង់ផែពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសអ៊ីរ៉ង់។
រុស្ស៊ីក៏បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចក្នុងការជួយស្វែងរកដំណោះស្រាយការទូតចំពោះការប្រឈមមុខដាក់គ្នារវាងក្រុងវ៉ាស៊ីនតោន និងក្រុងតេអេរ៉ង់ និងដើម្បីដើរតួនាទីណាមួយក្នុងកិច្ចចរចា៕

ដោយ៖ ពេជ្រ