តុលាការយុត្តិធម៌អន្តរជាតិបានច្រានចោលសំណុំរឿងដែលបានប្តឹងដោយប្រទេសស៊ូដង់ ដែលចោទប្រកាន់ប្រទេសអារ៉ាប់រួម (UAE) ពីបទរំលោភលើអនុសញ្ញាប្រល័យពូជសាសន៍។ ប្រទេសអាហ្រ្វិកចោទអារ៉ាប់រួមថាបានគាំទ្រកងកម្លាំងប៉ារ៉ាដែលជាប់ពាក់ព័ន្ធនឹងអំពើហិង្សាជនជាតិភាគតិចក្នុងតំបន់ដាហ្វួរ។

នៅក្នុងសេចក្តីសម្រេចមួយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ចៅក្រម ១៤ នាក់ក្នុងចំណោម ១៦ នាក់បានសន្និដ្ឋានថាតុលាការខ្វះយុត្តាធិការក្នុងការទទួកយកពាក្យបណ្តឹងរបស់ស៊ូដង់ ដែលប្តឹងប្រទេស UAE ចំពោះបទប្បញ្ញត្តិសំខាន់ៗនៃអនុសញ្ញាដែលកំណត់សិទ្ធិអំណាចរបស់ ICJ ក្នុងជម្លោះរដ្ឋ។
សូមជម្រាបថា ប្រទេសស៊ូដង់បានប្តឹងករណីនេះក្នុងខែមីនា ដោយចោទប្រកាន់ថា Emirates បានផ្តល់អាវុធ និងថវិកាដល់កងកម្លាំងគាំទ្ររហ័ស (RSF) ដែលជាក្រុមទាហានប៉ារ៉ាមួយដែកបានជាប់ពាក់ព័ន្ធក្នុងជម្លោះដ៏ឃោរឃៅជាមួយកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) តាំងពីខែមេសា ឆ្នាំ ២០២៣ ហើយត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើឃោរឃៅលើជនស៊ីវិល ជាពិសេសក្រុមជនជាតិភាគតិច Masalit នៅភាគខាងលិច Darfur ។
អេមីរ៉ាតអារ៉ាប់រួមបានបដិសេធការចោទប្រកាន់នេះម្តងហើយម្តងទៀត ដោយហៅការចោទនោះថា គ្មានមូលដ្ឋានច្បាស់លាស់ ហើយបានស្នើឱ្យតុលាការពិភពលោកច្រានចោលករណីនេះ។
ប្រធាន ICJ លោក Yuji Iwasawa បាននិយាយថា តុលាការមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសោកនាដកម្មនៅក្នុងប្រទេសស៊ូដង់ ដែលបង្កើតជាផ្ទៃខាងក្រោយនៃជម្លោះនាពេលបច្ចុប្បន្នរវាងប្រទេសទាំងពីរ។ ជម្លោះហិង្សាមានឥទ្ធិពលបំផ្លិចបំផ្លាញ ដែលបណ្តាលឱ្យបាត់បង់ជីវិត និងការឈឺចាប់ដែលមិនអាចពណ៌នាបាន ជាពិសេសនៅ West Darfur។
យ៉ាងណាក៏ដោយក្រុមអ្នកច្បាប់ក៏បានបោះឆ្នោតពីប្រាំពីរដល់ប្រាំបួនសម្លេងដើម្បីដកសំណុំរឿងទាំងស្រុងចេញពីបញ្ជីរបស់ ICJ។រដ្ឋាភិបាលអេមីរ៉ាតបានស្វាគមន៍ការសម្រេចចិត្តនេះ ដោយហៅវាថា ជាការបដិសេធយ៉ាងដាច់ខាតនៃការអះអាងមិនពិតរបស់ស៊ូដង់។
យោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា មនុស្សជាង ២៤,០០០ នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះរយៈពេល ២ ឆ្នាំនៅប្រទេសស៊ូដង់ ដោយមានជាង ១៤ លាននាក់ត្រូវផ្លាស់ទីលំនៅ និងពាក់កណ្តាលនៃចំនួនប្រជាជនប្រឈមនឹងការអត់ឃ្លានធ្ងន់ធ្ងរផងដែរ៕

ដោយ៖ ពេជ្រ